Friday, November 13, 2015

ព្រះបាទជ័យវរ្ម័នទី៧ ឬ មហានគរទី៣

សង្រ្គាមវាយឆ្មក់

  នៅគ្រប់ទិសទី កងទ័ពខ្មែរស្ម័គ្រចិត្ដ ត្រូវបានប្រមូលផ្ដុំជាក្រុម ហាត់រៀនហ្វឹកហ្វឺនគ្រប់មុខវិជ្ជាសិល្ប៍សាស្រ្ដ ក្បួនពិជ័យ​សង្រ្គាម​។ ជា​ពិសេស​ ក្នុង​ផ្នែក​របៀប​ដាក់​រាយ​អន្ទាក់​វាយ​ឆ្មក់​។ យុទ្ធសាស្រ្ដវាយឆ្មក់ ត្រូវបានព្រះអង្គអនុវត្ដនាឆ្នាំដំបូង ដែលកងទ័ពព្រះអង្គ មិន​ទាន់​មាន​កំលាំង​គ្រប់​គ្រាន់ នឹង​វាយ​ប្រហារ​សត្រូវ​ដោយ​ចេញ​មុខ។ ចលនាតស៊ូរដោះជាតិរបស់ព្រះបាទជ័យវរ្ម័នបានប្រើពេលវេលាជិត ៥ឆ្នាំ មុន​នឹង​មាន​លទ្ធ​ភាព​ អាច​ប្រ​យុទ្ធ​ត​ទល់​សត្រូវ​ចាម​។ ព្រះអង្គបានរៀបចំកសាង កងកំលាំងទ័ពជើងទឹកមួយយ៉ាងសំខាន់ ទុកសំរាប់ទប់ទល់ វាយ​កំទេច​ទូក​ចាម ពី​ព្រោះ​ព្រះ​អង្គ​សង្កេត​ឃើញ​យល់​ច្បាស់​ថា កំលាំង និងចំនុចខ្សោយរបស់នគរចំប៉ា ស្ថិតនៅលើកងនាវាចរ។ ដូច្នេះ​បើ​ព្រះ​អង្គ​វាយ​កំទេច​កង​ទ័ព​ទូក​ចាម​បាន ព្រះ​អង្គ​ក៏​អាច​យក​ជោគ​ជ័យ រំដោះជាតិមាតុភូមិ ចេញពីកណ្ដាប់ដៃខ្មាំងរួចដែរ។

ជ័យជំនះផ្ដាច់ព្រ័ត្រលើកងទ័ពចំប៉ា

  ដូចការត្រិះរិះគិតពិចារណាមែន ព្រះបាទជ័យវ្មរ័ន បានយកជ័យជំនះលើទ័ពចាម ដោយបានធ្វើចំបាំងចេញមុខ វាយ​ប្រយុទ្ធ​កំទេច​បំផ្លាញ​អស់​ កង​ទ័ព​នាវា​ចរ​ចាម​។ ទិដ្ឋ​ភាព​ចំបាំង​យ៉ាង​សាហាវតាមទូកសំពៅលើទន្លេ ត្រូវបានសិល្បករខ្មែរឆ្លាក់ជាប់លើជញ្ជាំងថែវ​ប្រាសាទ​បាយ័ន​។ សិលា​ចារឹក​នៅ​ប្រា​សាទ​បន្ទាយ​ឆ្មារ ក៏​សរ​សេរ​ចារ​អធិប្បាយ​ អំពីព្រឹត្ដិការណ៍ច្បាំងប្រយុទ្ធគ្នា តាមផ្លូវទឹកលើទន្លេ និងជ័យជំនះយ៉ាង​អស្ចារ្យ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ទៅ​លើ​ស្ដេច​ចាម​ដែរ​។ កងសេនាយោធាចាមជាច្រើនបាក់ទ័ពរត់ប្រសាចគ្មានទិសតំបន់។ ខ្លះទៀត​ត្រូវ​កង​ទ័ព​ខ្មែរកាប់​សំលាប់​ និង​ចាប់​ធ្វើ​ជា​ឈ្លើយ គឺ​នៅ​ក្នុង គ.ស.១១៨១​។ ព្រះអង្គរំដោះដណ្ដើមយក​មហា​នគរ​មក​វិញបាន ហើយទឹកដីខ្មែរក៏បាន​ចេញ​ផុត​រួច​ពី​នឹម​អាណា​និគម​នគរ​ចំប៉ា​ក្នុង​គ្រា​នោះ ​ដែរ​។
  ព្រះអង្គបានប្រកាសខ្លួន ជាព្រះមហាក្សត្រប្រទេសកម្ពុជា។ ព្រះនាមព្រះអង្គជាក្សត្រ គឺព្រះបាទជ័យវរ្ម័នទី៧ គឺ​នៅ​ក្នុង គ.ស.១១៨១ ដដែល​។​ ព្រះ​អង្គ​តាំង​ទី​ព្រះ​បរម​រាជ​វាំង នៅ​ព្រះ​រាជ​ធានី យសោធរបុរៈ​ដដែល​។

២. សង្គ្រាមសងសឹករបស់ស្ដេចចំប៉ា

  បរាជ័យដ៏សែនជូរចត់នេះ មិនបានធ្វើអោយស្ដេចនគរចំប៉ាភ័យខ្លាច ឬបាក់អំនួតទេ។ ដើម្បីលប់លាងកិត្ដិយស ការអាម៉ាស់​មុខ ស្ដេ​ចាម​ព្រះ​ជ័យ​ឥន្រ្ទ​វរ្ម័ន​ទី​៤ ត្រូវ​តែ​ធ្វើ​សង្គ្រាម​ច្បាំង​នឹង​ខ្មែរម្ដងទៀត។ ព្រះអង្គត្រូវរង់ចាំ១០ឆ្នាំ ដើម្បីមានលទ្ធភាពអនុវត្ដផែនការណ៍សងសឹក។

បរាជ័យរបស់នគរចំប៉ា

  ម្ដងនេះក៏ដូចជាលើកមុនដែរ ក្នុងគ.ស.១១៩០ ស្ដេចចាមបាននាំយកសួយសារអាករទៅថ្វាយស្ដេចយួន សំកុំអោយ​លូក​ដៃ​ក្នុង​រឿង​ខ្មែរ​។ ស្ដេច​ចាម​លើក​កង​ពល​យោធា​យ៉ាង​គគ្រឹក​គគ្រេង ចូលវាយប្រហារនគរកម្ពុជា ដោយសង្ឃឹមថានឹងបានជ័យជំនះឈ្នះខ្មែរ ដូច​លើក​មុន​ទៀត​ជា​មិន​ខាន​។
  តែព្រះបាទជ័យវរ្ម័នទី៧ បានបញ្ជាកងទ័ពគ្រប់ទិសទី វាយប្រហារតបតទៅវិញ យ៉ាងខ្លាំងក្លាមហិមា ខ្លាំងលាន់លឺជាងរន្ទះ​បាញ់​ទាំង​ប្រាំបី​ទិស​ធ្វើ​អោយ​សត្រូវ​បែក​បាក់​ ខ្ចាត់​ខ្ចាយ រត់ចោលជួរមានស្លាប់របួសច្រើនឥតគណនា។ ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គមិនបង្អង់ដៃ ព្រះ​អង្គ​វាយ​ប្រហារ​សំរុក​បុក​រុល ចូល​ទៅ​ដល់​ទឹក​ដី​នគរ​ចំប៉ា​។ សេចក្ដីក្លាហានអង់អាច របស់ព្រះមហាក្សត្រខ្មែរត្រូវបានសិលាចារឹកប្រាសាទ​ជ្រុង ក្នុង​នគរ​ធំ​ រៀប​​រាប់​ថា ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ស្រែក​បបួល​ហៅស្ដេចចាមជ័យឥន្រ្ទាវរ្ម័នទី៤ អោយឡើងជិះដំរី ចេញមកច្បាំងត​ទល់​នឹង​ព្រះ​អង្គ អោយ​​អស់​​ពល​សេនា​មើល តែ​ស្ដេច​ចាម​បែរ​ខ្នង​ភ័យ​ក្លាច​ញ័រ មិនហ៊ានចេញមកច្បាំង មួយទល់នឹងមួយជាមួយ នឹង​ព្រះ​អង្គ​ទេ សង្គ្រាម​ខ្មែ-​ចាម​ម្ដង​នេះ​ មិន​យូរ​ទេ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ដណ្ដើម​យក​រាជ​ធានីនគរចាម ហើយចាប់ខ្លួនស្ដេចចាមបានក្នុងគ្រានោះ។ នគរចាមទាំង​មូល​ក៏​ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​កង​ទ័ព​ខ្មែរ កាន់​កាប់​ត្រួត​ត្រា​ដែរ​។

ចំប៉ាក្លាយជាខេត្ដខ្មែរ

  ជ័យជំនះតាមផ្លូវសង្រ្គាម ទៅលើនគរចាមក្នុងពេលនោះ បានជំរុញព្រះបាទជ័វរ្ម័នទី៧ អោយរំលាយបញ្ចូលទឹកដីនគរ​ចំប៉ា​មក​ជា​ទឹក​ដី​ខ្មែរ​តែ​មួយ​។​ ព្រះ​អង្គ​បាន​តែង​តាំង​ប្អូន​ថ្លៃ​ព្រះ​អង្គ ជាស្ដេចសោយរាជនៅរាជធានីវិជ័យ និងគ្រប់គ្រងខេត្ដខ័ណ្ឌនៅជុំវិញនោះ ចំណែក​ខេត្ដ​ខ័ណ្ឌ​នគរ​ចំប៉ា​ផ្សេង​ៗ​ទៀត ព្រះ​អង្គ​បាន​ដាក់​អោយ​នៅក្រោមអំណាច របស់ស្ដេចចាមមួយអង្គ ព្រះនាមវិលានន្ទ ដែលធ្លាប់តែ​ស្មោះ​ត្រង់​បំរើ​ព្រះ​អង្គ​ដោយ​ភក្ដី​ភាព​។ ស្ដេច​ចាម​អង្គ​នេះ ធ្លាប់​បាន​រស់​នៅ​មហានគរ បំរើព្រះមហាក្សត្រជាយូរមកហើយៗ ធ្លាប់ជួយព្រះអង្គ ក្នុង​ការ​បង្រ្កាប​ក្រុម​បះ​បោរ​ នៅ​ខេត្ដ​បាត់​ដំបង​នៅ​ក្នុង​គ.ស. ១១៩០​។ តែក្នុងគ.ស ១២០៣ ក្រោយព្រះបាទជ័យវរ្ម័នទី៧ ចូលទីវង្គត ស្ដេចចាមនេះ​បែក​គំនិត​ចង់​រំដោះ​នគរ​ចំប៉ា​ និង​បង្កើ​ធ្វើ​អោយ​មាន​ឯក​ភាព​វិញ​។ ដែលជាហេតុបណ្ដាលអោយព្រះមហាក្សត្រខ្មែរមិនទុកចិត្ដ ដកអំណាច និង​បុណ្យ​ស័ក្ដិ​។ ពី​ថ្ងៃ​នេះ​រហូត​ដល់​ គ.ស ១២២៦ នគរ​ចំប៉ា​បាន​ក្លាយ​ទៅ​ជា​ខេត្ដ​ខ្មែរ​។
  សង្រ្គាមរវាងខ្មែរ នឹងចាម មានរយៈពេលប្រហែលជិត ១០០ឆ្នាំ។ នៅទីបំផុត នគរចំប៉ាត្រូវចុះទន់អន់ខ្សោយ លែង​មាន​ឥទ្ធិ​ពល ធ្វើ​អោយ​ប្រ​ទេស​កម្ពុជា​ភ័យ​ព្រួយ​បារម្ភ​ទៀត​ហើយ​។ ទាំងនេះមិនមែនបានសេចក្ដីថានគរចំ ប៉ារលត់រលាយអស់រូបរាងនោះទេ។ ចាប់​ពី​គ.ស.១២២៧ ព្រះ​មហា​ក្សត្រ​ខ្មែរ បាន​អនុញ្ញាត​អោយ​មាន​ការ​តែង តាំងជាតិចាម ជាចៅហ្វាយខេត្ដចំប៉ា ឯកង្វល់ធំរបស់ចំប៉ា មិនមែន​ប្រទេស​ខ្មែរ​ឡើយ​។ សត្រូវ​ធំ​របស់​ចាម​គឺ​យួន​។
  នយោបាយ ទ្រឹស្ដី និង ទស្សនៈវាតទឹកដីនិយមរបស់យួន ចុះមកទិសខាងត្បូង បានលេបទឹកដីចាមបន្ដិចម្ដងៗ រហូត​ទាល់​តែ​អស់​គ្មាន​សល់ ​ទាំង​ទំនៀម​ទំលាប់ ទាំង​ប្រពៃ​ណី និង​ទាំង​ភាសា​។ នៅក្នុងសតវត្សទី១៨ គេកត់សំគាល់ឃើញថា ព្រះរាជវង្សចំប៉ានៅ​មាន​ដែរ​ក្រោម​ការ​គ្រប់​គ្រង​របស់​យួន​។ យួន​បាន​ធ្វើ​វៀត​ណាម​វូប​នីយ​កម្ម លើជនជាតិចាមទាំងអស់។ ជនជាតិចាមដែលមិនអាចទ្រាំទ្ររបបអំណាច​យួន​បាន បាន​នាំ​គ្នា​រត់​ភៀស​ខ្លួន​ទៅ​រស់​នៅ​ស្រុក​ជ្វា ឬ​កម្ពុជា​។

៣. ប្រវត្ដិព្រះបាទជ័យវរ្ម័នទី៧

  ព្រះរាជវង្ស និង ជីវប្រវត្ដិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំ ដោយសិលាចារឹកនៅប្រាសាទជ្រុង ក្នុង​រង្វង់​នគរ​ធំ សិលា​ចារឹក​នៅ​ប្រា​សាទ​បន្ទាយ​ឆ្មារ ក្នុង​ខេត្ដ​បាត់​ដំបង សិលា​ចារឹក​នៅប្រាសាទបាយ័ន នៅប្រាសាទតាព្រហ្ម និង ជាពិសេស ដោយ​សិលា​ចារឹក​នៅ​ប្រា​សាទ​ភិមាន​អាកាស ដែល​ចង​ក្រង និង​និពន្ធ​តាក់តែងឡើង ជាកំណាព្យកាព្យឃ្លោង ដោយព្រះអគ្គមហេសីរបស់ព្រះបាទជ័យ​វរ្ម័ន​ទី​៧ ព្រះ​នាង​ឥន្រ្ទ​ទេវី​។​

ព្រះរាជវង្ស

  បើតាមការសិក្សាស្រាវជ្រាវ ហ្សក កូដេស George Coedes ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាប្រសូត្រយ៉ាង​យូរ​ណាស់ ក្នុង​គ.ស.​១១២៥​។ ព្រះ​មាតា​របស់​ព្រះ​អង្គ ព្រះ​នាម​ជ័យ​រាជ​ចូឌាមណី ព្រះបិតាព្រះអង្គ ព្រះនាមធរនិន្រ្ទវរ្ម័នទី២ ដែលសោយរាជបន្ទាប់ពី​ព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​២ ព្រះ​អង្គ​ត្រូវ​ជា​ចៅ​មីង​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៦ ដែលសោយរាជបន្ទាប់ពីព្រះបាទសុរិយាវរ្ម័នទី២។ ព្រះអង្គត្រូវជាចៅមីង របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៦ និង​ត្រូវ​ជា​ក្មួយ​ព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​២​។
  ដូច្នេះយើងឃើញថា តាមរយៈម្ដាយព្រះអង្គជាប់ចុះមកពីព្រះរាជវង្ស ព្រះមហាក្សត្រខ្មែរជំនាន់មុនមហានគរឬមុនអង្គរ ឬ​ក្នុង​សម័យ​នគរ​ហ្វូណន់​ចេនឡា​។ ហើយ​តាម​ខ្សែ​ស្រ​លាយ​ព្រះ​រាជ​វង្សឳពុក ព្រះអង្គចុះមកពីព្រះសន្ដតិវង្សមហិធរបុរៈ។

យុវភាព

  តាមរយៈសិលាចារឹកដដែល យើងបានដឹងថា កាលបិតាព្រះអង្គ ព្រះធរនិន្រ្ទវរ្ម័នទី២ នៅសោយរាជជាព្រះមហា ក្សត្រកម្ពុជា ព្រះបាទជ័យវរ្ម័ទី៧ បានទទួលតំនែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរ ទៅធ្វើសង្រ្គាមតទល់ នឹងនគរចំប៉ា។ កាលនោះ ព្រះអង្គព្រះជន្មបាន ២៥វស្សា។
បើតាមសិលាចារឹក យើងអាចស្មានបានថា កាលនោះព្រះអង្គមានមហេសីរួចស្រេចទៅហើយ ព្រះនាមរបស់​ព្រះ​នាង គឺ​ជ័យ​រាជា​ទេវី​។ ជា​មួយ​នឹង​ព្រះ​នាង ប្រ​ហែល​ជា​ក្នុង​គ.ស ១១៤៥ ព្រះអង្គបានមានព្រះរាជបុត្រមួយ ព្រះអង្គ ព្រះនាមស្រីឥន្រ្ទកុមារ។ ព្រះ​បាទ​ជ័យ​វរ្ម័​ទី​៧ ព្រះ​អង្គ​ត្រូវ​បែក​ព្រាត់​ប្រាស​ពី​ប្រពន្ធ​កូន ដោយ​ក្ដី​វិយោគ​អួល​ណែនចុកចាប់រៀងរាល់ថ្ងៃ ពុំដែលមានល្ហែល្ហើយឡើយ។ ទុក្ខ​សោក​សង្រេង​ឈឺ​ខ្លោច​ផ្សា​រីង​រៃ​ ដោយ​ការ​ព្រាត់​ប្រាស់​នេះ​ត្រូវ​បាន​ព្រះ​នាង​ឥន្រ្ទទេវី ជាបងស្រីបង្កើតរបស់មហេសីព្រះអង្គ សរសេរចារវេញចង​ក្រង​ជា​ភួង​កំណាព្យ លើ​ផ្ទាំង​សិលា​ប្រា​សាទ​ភិមាន​អាកាស​។
  ព្រះនាងឥន្រ្ទទេវី បានរៀបរាប់អធិប្បាយថា : «ព្រះមហេសីព្រះបាទជ័យវរ្ម័ទី៧ ព្រះនាងជ័យរាជាទេវី ប្រៀបបាន​ទៅ​ព្រះ​នាង​សិតា ដែល​កំពុង​ព្រាត់​ពី​ស្វាមី គឺ​ព្រះ​រាម​។ ព្រះ​រាម​គឺ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ឯស្ដេចចាមប្រៀបបាន ទៅនឹងក្រុងរាពណ៍ នៅពេលដែល​ព្រះ​ស្វាមី យាង​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ខ្មាំង ព្រះ​នាង​ជ័យ​រាជា​ទេវី​ បាន​ចូល​កាន់​សីល កាន់ត្រណមគោរពទៅតាមក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេស​ប្រ​ហែស​ឡើយ​។ ព្រះ​នាង​តែង​តែ​ខំ​សិក្សា​ស្វា​ធ្យា​យ​ធម៌ បួង​សួង​បន់​ស្រន់​សុំអោយព្រះស្វាមីបានជួបតែសេចក្ដីសុខ និងជ័យជំនះឈ្នះ​លើ​សត្រូវ​។ ព្រះ​នាង​មាន​រូប​រាង​កាយ​ស្គាំង​ស្គម ហើយ​មិន​យក​ចិត្ដ​ទុក​ដាក់នឹងសក់ព្រះនាងឡើយ កាលណាបើនឹកឃើញទៅដល់ព្រះស្វាមី​ម្ដង​ៗ ព្រះ​នាង​តែង​តែ​ឈឺ​ចុក​ចាប់​ពើត​ក្នុង​ទ្រូង តែ​ការ​ឈឺ​ចុក​ចាប់​នេះ បានធ្វើអោយព្រះនាងសប្បាយរំសា យទុក្ឌទៅវិញ។ ព្រះនាងជ័យរាជាទេទីនៅស្មោះ​ត្រង់ រង់​ចាំ​ការ​វិល​ត្រលប់​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ជា​និច្ច​។​»

ជីវិតតស៊ូ ព្យាយាម រង់ចាំ

  នៅគ.ស.១១៦០ ព្រះបាទជ័យវរ្ម័នទី៧ កំពុងតែធ្វើចំបាំង ប្រយុទ្ធជាមួយកងទ័ពនគរចំប៉ានៅមុខទីក្រុងវិជ័យ។ គ្រានោះ ព្រះ​អង្គ​បាន​ទទួល​ដំណឹង​​ថា​ព្រះ​បិតា​ព្រះ​អង្គ​ចូល​ទីវង្គត ហើយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២ បានឡើងសោយរាជ​ជំនួស។ នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្ដូរ​នេះ ព្រះ​អង្គ​ពុំ​បាន​ផ្លាស់​ប្ដូរ​ចិត្ដ​គំនិត​អ្វី​ទាំង​អស់​។ ព្រះ​អង្គ​នៅ​តែ​បន្ដធ្វើសង្រ្គាមវាយប្រហារនគរចាម ហើយគោរពស្មោះស្ម័គ្របំរើព្រះ​មហា​ក្សត្រ​ថ្មី​ដោយ​គ្មាន​វៀច​វេរ​ នៅ​​ពេល​ដែល​ព្រះ​អង្គ​ទទួល​ដំណឹង​ដឹង​ថា នៅ​ព្រះរាជធានី មានមន្រ្ដីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រ ព្រះ​អង្គ​បាន​ធ្វើ​ដំណើរ​យាង​ចូល​ មក​នគរ​វិញ ដើម្បី​ជួយ​ការ​ពារ​ជ្រោម​ជ្រែង​ព្រះ​រា​ជា​។ តែព្រះអង្គមកដល់យឺតពេល ហើយសោកនាដកម្មបានកន្លងហួស ផុតរួច​ស្រេច​បាត់​ទៅ​ហើយ​។ ព្រះ​បាទ​យសោ​វរ្ម័ន​ទី​២ ត្រូវ​គេ​ធ្វើ​ឃាត​ហើយ​ព្រះរាជបុត្រព្រះអង្គព្រះ ស្រីឥន្រ្ទកុមារក៏ប្រហែលជាអស់សង្ខារក្នុង​សម័យ​ជា​មួយ​គ្នា​នោះ​ដែរ​។ ក្នុង​គ.ស.១១៦៥ បើ​តាម​សិលា​ចារឹក​ប្រា​សាទបន្ទាយឆ្មារ ស្ដេចថ្មីព្រះបាទត្រីភុវ័នអាទិត្យ បានរៀបចំធ្វើពិធីព្រះរាជា​ភិសេក ហើយ​ប្រ​កាស​តាំង​ខ្លួន​ជា​ព្រះ​មហា​ក្សត្រ​នគរ​កម្ពុជា​។
  កាលនោះព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គមិនបានកេណ្ឌទ័ព ចេញទៅធ្វើសង្រ្គាមតតាំងរាំងជល់ នឹងស្ដេចជ្រែករាជ ដើម្បី​ដណ្ដើម​យក​រាជ​បល្ល័ង្គ​មក​វិញ​ទេ​។ ព្រះ​អង្គ​នៅ​នឹង​ស្ងៀម​មិន​បណ្ដែតបណ្ដោយ​ចិត្ដគំនិតអារម្មណ៍ អោយផ្លាស់ប្ដូរហក់លោតទៅតាមមនោ​សញ្ចេត​នា ភ្លើង​កំហឹង​ការ​ប្រ​មាថ​ឆេវ​ឆាវ និង​ការ​លោភ​លន់​ខ្វះ​ពិចារ​ណា​ឡើយ ព្រះអង្គបានសំងំនៅប្រាសាទព្រះខ័ន ក្នុងខេត្ដកំពង់ស្វាយ(១) យក​ពេល​ស្មឹង​ស្មាធ ត្រិះ​រិះស្រាវ​ជ្រាវ​សិក្សា ពិចារ​ណា​រក​ផ្លូវ​ចំរើន រង់​ចាំ​ឱកាសល្អ ដើម្បីដាក់ខ្លួនបំរើជាតិ។

លទ្ធផលនៃការតស៊ូ

  ព្រះបាទជ័យវរ្ម័ទី៧ ព្រះមហាក្សត្រខ្មែរ ព្រះអង្គគោរពបូជា និង មានជំនឿទៅ លើព្រះពុទ្ធសាសនាផ្នែកមហាយាន។ ព្រះ​រាជ​បុត្រ​ព្រះ​អង្គ​ជា​ច្រើន​ សុទ្ធ​តែ​មាន​​ជំនឿ និង​ធ្វើ​សក្ការៈ​បូជាថ្វាយចំពោះព្រះពុទ្ធសាសនា បុត្រព្រះអង្គព្រះនាម តមលិន្ដ បានបួស​ជា​សង្ឃ ហើយ​ទៅ​បន្ដ​ការ​សិក្សា​នៅ​កោះ​សេរី​លង្កា​។ បុត្រមួយទៀត ព្រះអង្គវីរកុមារ ដែលបាន និពន្ធចារអត្ថបទមួយយ៉ាងល្អ វែកញែក អធិប្បាយពី​ព្រះ​ពុទ្ធ​សាសនា​លើ​ផ្ទាំង​ថ្ម នៅ​ប្រា​សាទ​ព្រះ​ខ័ន​។

កិត្យានុភាព

  ព្រះបាទជ័យវរ្ម័ទី៧ ដោយសារការតស៊ូ ព្យាយាមព្រះអង្គបានទទួលជោគជ័យ ដែលគេអាចចាត់ទុកជាជោគជ័យផ្ទាល់​ខ្លួន​។ តែ​ព្រះ​អង្គ​បាន​យក​ជោគ​ជ័យ​ ឥទ្ធិ​ពល​អំណាច​ការ​ចេះ​ដឹង ការពិសោធន៍ និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាងប្រទេស​ជាតិ​ផ្ដល់​នូវ​សេច​ក្ដី​សុខ​ក្សេម​ក្សាន្ដ​សន្ដិ​ភាព ចំរើន​លូត​លាស់ ដល់​ប្រ​ជា​នុរាស្រ្ដ ដោយគ្មានរើសអើងវណ្ណៈ។ ការករសាងរបស់ព្រះ អង្គ មិន​មែន​មាន​តែ​ប្រាង្គ​ប្រាសាទ​ធំ​ស្កឹម​ស្កៃ​ទេ ព្រះ​អង្គ​បាន​កសាង​ទំនុក​បំរុង​សាសនា ក៏​ដូច​ជា​ក្នុងផ្នែកសង្គមជាតិដែរ។ ក្នុងរជ្ជកាលព្រះអង្គ នគរចំប៉ាបាន​ក្លាយ​ជា​ខេត្ដ​ខ័ណ្ឌ​ខ្មែរ ទឹក​ដី​ខ្មែរ​ ក៏​បាន​លាត​សន្ធឹង​ធំ​វែង​ឆ្ងាយ​ជា មហា​អំណាចមួយយ៉ាងធំដែរ នៅក្នុងអាស៊ីអគ្គេយ៍។ ចក្រភពខ្មែរក្នុងរាជព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ មាន​កម្ពុជា ចំប៉ា ​បច្ចុប្បន្ន​លាវ សៀម និង​ទឹកដីមួយភាគធំនៃប្រទេសភូមា និងម៉ាលេស៊ី។ (សូមមើលផែនទី) ព្រះមហាក្សត្រខ្មែរ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ព្រះ​អង្គ​បាន​ចូល​ទីវង្គត​នៅ​ក្នុង​គ.ស.១២០១។

៤. ការកសាង និង ស្នាដៃ

  ដូចដែលយើងអធិប្បាយខ្លះមកហើយ ស្នាដៃ និង ការកសាងរបស់ព្រះបាទជ័យវរ្ម័នទី៧ មានវត្ដមាននៅតាមខេ ត្ដខ័ណ្ឌនានា ពាស​ពេញ​ទឹក​ដី​ខ្មែរ​។​ គឺ​ជា​សក្ខី​ភាព​ដែល​បញ្ជាក់​អំពី​ទំហំ​ទឹកដីពិតប្រាកដរបស់ប្រទេសកម្ពុជា។ ការកសាង និងស្នាដៃទាំងនោះ បានរៀបចំស្ថាបនា​ឡើង តំរូវ​សំរាប់​បំរើ​មជ្ឈ​ដ្ឋាន​សាសនា​ផង និង​សំរាប់​ប្រយោជន៍ដល់សង្គមជាតិផង។ សមិទ្ធិរបស់ព្រះបាទជ័យវរ្ម័ទី៧ មានច្រើន​សំបូរ ច្បាស់​លាស់​ក្បោះ​ក្បាយ​ ដែល​អាច​ជា​ជំនួយ ជា​ឯក​សារ​មួយ​យ៉ាង​សំខាន់ ក្នុងការសិក្សាស្រាវជ្រាវវែកញែកអំពីប្រវត្ដិសាស្ដ្រ និង​វប្បធម៌​រិស​គល់​ខ្មែរ។

ប្រាង្គប្រាសាទ

  ក្នុងប្រវត្ដិសាស្រ្ដខ្មែរ ព្រះបាទជ័យវរ្ម័ទី៧ ជាព្រះមហាក្សត្រដែលបានសង់ប្រាង្គប្រាសាទជាច្រើនជាងក្សត្រឯទៀត។ ប្រាសាទ​ទាំង​នោះ​ច្រើន​ស្ថិត​នៅ​ជិត ឬ​ក្នុង​រង្វង់​នគរ​ធំ​ថ្មី ដែល​ព្រះ​អង្គ​ទើប​តែ​សំរេច​ចិត្ដ​កសាង​។
  នគរធំ ឬមហានគរ ដែលត្រូវឆេះបាក់បែកខូចអន្ដរាយអស់ជាច្រើន ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ រៀបចំចាត់ចែង​ឱយ​កសាង​ជា​ថ្មី​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​មហា​នគរ​ត្រូវ​សាង​សង់ នគរធំរបស់ព្រះបាទជ័យវរ្ម័ទី៧ ត្រូវបានគេចាត់ទុក ជាស្នាដៃឯកប្លែកខុសពី​ធម្មតា ដែល​មាន​ក្នុង​សិល្បៈ​ខ្មែរ​។ គឺ​ខ្មែរ​ជំនាន់​នោះ​បាន​ប្រឌិត​បង្កើតសិល្បៈថ្មីមួយ ដែលវិវត្ដទៅតាមចលនារបស់សង្គមជាតិ។ នគរធំ ដែលស្ថិត​នៅ​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ ជា​ស្នា​ដៃ​យ៉ាង​ធំ​ធេង​ចំបង​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​។
  នគរធំ ឬមហានគរ មានជ្រុងនីមួយៗ ប្រវែង៣គីឡូម៉ែត្រ ហើយមានទំហំប្រហែល ៩គីឡូម៉ែត្រក្រលា នគរធំមាន​កសិណ​(២) ដែល​មាន​ទទឹង​ប្រ​វែង ១០០ម និង​ជំរៅ ៥ម ទៅ ៦ម ព័ទ្ធ​ជុំ​វិញ ដើម្បី​ចូល​ទៅ​ក្នុង​មហា​នគរ គេ​ត្រូវ​ឆ្លង​កាត់​ស្ពាន​ថ្ម អម​ទៅ​ដោយ​រូប​ចំលាក់​ទេវតា និង​យក្ខ ដែល​កំពុង​នាំ​គ្នា​ទាញ​នាគ​សុវកិ ទេវតា និង​យក្ខ ម្ខាង​ៗ​មាន​គ្នា ៥៤​នាក់ បន្ទាប់មកយើងចូលមកដល់ខ្លោងទ្វារ​មហាន​គរ ដែល​នៅ​ខាង​លើ​មាន​រូប​ ព្រះ​លោ​កេ​ស្វរៈ​។ ជ្រុង​នីមួយៗ​មាន​ខ្លោង​ទ្វារមួយនៅចំកណ្ដាល បែរទៅទិសទាំងបួន។ លើកលែងតែជ្រុងខាងកើត ដែល​មាន​ទ្វារ​ពីរ គឺ​ទ្វារ​ជ័យ​មួយ​ទៀត ដែល​ចាក់​ចំ​ទៅ​រក​ប្រា​សាទ​ភិមានអាកាស។ តាមខ្លោងទ្វារទាំងបួនទិស មានផ្លូវ៤ ទៅជួបគ្នាកាត់ចំកណ្ដាល​ទី​ក្រុង​នគរ​ធំ ដែល​នៅ​ទី​នោះ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ បាន​សាង​ប្រាសាទ​មួយ ដែលមាន​លក្ខណ​ខុស​ប្លែកពីប្រាសាទមុនៗ។ តភ្ជាប់នឹងខ្លោងទ្វារ មានជញ្ជាំង​ថ្ម​យ៉ាង​ខ្ពស់​សំរាប់​ការ​ពារ​ទី​ក្រុង ដែល​គេ​អាច​ដើរ​យាម​កាម​ចុះ​ឡើង​បាន។ នៅជាប់កំផែងនោះ មានប្រលាយទឹកតូចមួយទៀត ព័ទ្ធជុំវិញ​មហា​នគរ ហើយ​ហូរ​ភ្ជាប់​ចូល​ទៅ​ក្នុង​ស្រះ​ធំ​មួយ​ឈ្មោះ បឹង​ធំ ដែល​មាន​បណ្ដោយប្រវែង ៤០០ម និង​ទទឹង ២០០​ម​។
  ដោយសំអាងទៅតាមទំហំដីស្រែចំការនៅជុំវិញ ដែលមានបញ្ជាក់នៅក្នុងសិលាចារឹក ដោយយោងទៅតាម នយោបាយ​ទឹក​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ ដែល​មាន​ចំនួន​បារាយ ស្រះ​ព្រែក និងគូជាច្រើន បូករួមទាំងប្រជាជន ដែលប្រកបមុខរបរផ្សេងទៀត​ផង នគរ​ធំ ឬ​មហា​នគរ​ត្រូវ​មាន​ប្រជា​ពល​រដ្ឋ​ប្រ​ហែល​ពី ៧០០.០០០ - ៧៥០.០០០ នាក់។ នេះជាការគន់គូរប៉ាន់ស្មានរបស់អ្នកប្រវត្ដិវិទូរ និង​ អ្នក​បុរាណ​វិទ្យា​។
  តាមអ្នកឯកទេស ដែលសិក្សាអំពីបូរាណវិទ្យា នគរធំត្រូវបានសង់ទៅតាមបែបផែន ទ្រ្ដឹស្ដីព្រះពុទ្ធសាសនា ទស្សនៈ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​យល់​ថា នៅកណ្ដាលចក្រវាល មានភ្នំមួយយ៉ាងធំដែលលោកអោយឈ្មោះថា ភ្នំព្រះសុមេរុ ភ្នំនេះមានកំពូលប្រាំ ហើយ​នៅ​លើ​កំពូល​ភ្នំ​មាន​មាន​ស្ថាន​សួគ៌​បី​ជាន់​។ ឯការ​សាង​សង់​នគរ​ធំ ក៏មានលក្ខណៈដូចគ្នានេះដែរ គឺជាទីក្រុងមួយរាងបួនជ្រុងដែលនៅ​ចំ​កណ្ដាល មាន​ប្រាសាទ​មួយ​ទៀត​ ជាតំណាង​ភ្នំ​ព្រះសុមេរុ ប្រាសាទនេះគឺប្រាសាទ​បាយ័ន​ដែល​ខ្មែរ​ច្រើន​ហៅ​ថា ព្រហ្ម​យ័ន​។
  ប្រាសាទបាយ័ន គឺជាឈ្មោះប្រាសាទថ្មី ដែលព្រះអង្គបានសង់ឡើងសំរាប់ឧទ្ទិសថ្វាយជូនចំពោះព្រះពុទ្ធសាស នា។ ប្រាសាទ​បាយ័ន​បែរ​មុខ​ទៅ​ទិស​​ខាង​កើត មាន​បណ្ដោយ​ប្រ​វែង ១៤០ម ទទឹង ១៣០ម មានកំពូល ៥៤ ដូចចំនួនទេវតា និងយក្ខ ដែលយាមតាម​ស្ពាន​ចូល​នគរ​ធំ​។ កំ​ពូល​កណ្ដាល ដែល​ខ្ពស់​ជា​គេ មាន​កំពស់​៤២​ម​។ កំពូលនីមួយៗមានរូបចំលាក់ព្រះលោកេស្វរៈ ព្រះ​ភ័ក្រ្ដបួន ដែលខ្មែរសា​មញ្ញ​និយម​ហៅ​ថា​ព្រះ​ព្រហ្ម​។ ដូច្នេះ​លើ​ប្រាសាទ​បាយ័ន មាន​ព្រះ​ភក្រ្ដ​លោ​កេស្វរៈ​ទាំង​អស់ ២១៦ ដែលញញឹម បែរ​សំលឹង​មើល​ទៅ​រក​កូន​ចៅ​ខ្មែរ និង​ត្រៀម​ខ្លួន​ប្រុង​ប្រយ័ត្ន​ ចាំ​ថែរក្សា​ការ​ពារ​គនរ​កម្ពុជា ទប់​ទល់​ប្រឆាំងនឹងខ្មាំងសត្រូវគ្រប់ទិសទី។
  លក្ខណៈប្រាសាទបាយ័នមួយទៀត ដែលខុសប្លែកអំពីប្រាសាទជំនាន់មុន គឺស្ថិតនៅត្រង់សិល្បករខ្មែរ បានយកទិដ្ឋភាព​ជីវភាព​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​សង្គ្រាម​រវាង​ខ្មែរ​នឹង​ ចាម និងទស្សនៈសាសនាមកឆ្លាក់ដាក់ផ្ទឹម ក្នុងបរិវេនជាមួយគ្នា តាមចំលាក់ទាំងនោះ គេ​អាច​ឃើញ​នូវ​ទំនាក់​ទំនង​ជិត​ជាប់​គ្នារ​វាង​ព្រះ​ពុទ្ធ ស្ថាន​សួគ៌ និង​លោកិយ​។ ដែលជាទិដ្ឋភាពមួយមិនធ្លាប់មានក្នុងរូបចំលាក់ជំនាន់ដើម ដែលលើកយក​តែ​ប្រវត្ដិ​ព្រះ​អាទិ​ទេព​ និង​ទេវ​កថា​ផ្សេង​ៗ មក​បក​ស្រាយ​។
  ប្រាសាទតាព្រហ្មប្រាសាទព្រះខ័នប្រាសាទបន្ទាយក្ដីប្រាសាទតាសោមប្រាសាទនាគព័ន្ធស្រះស្រង់ ប្រាសាទទាំងនេះនៅ​សៀម​រាប​ប្រាសាទ​ព្រះ​ខ័ន​ កំពង់​ស្វាយ​ខេត្ដ​កំពង់​ធំ​ប្រា​សាទ​បន្ទាយ​ឆ្មារ បាត់ដំបង ប្រាសាទភិម័យ នៅប្រទេសសៀមសុទ្ធសឹងជាស្នាដៃដ៏សំខាន់ដែល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​កសាង​។ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ឧទ្ទិស​ប្រាង្គ​ប្រាសាទទាំងនោះថ្វាយជូនទៅមាតាបិតា ជីដូនជីតា គ្រូបាធ្យាយ អ្នកប្រាជ្ញ និង​វិរ​បុរស​ខ្មែ​រជា​ច្រើន​ដែល​ធ្លាប់​មាន​គុណ​បំណាច់​មក​លើ​ប្រ​ទេស​ជាតិ ​។ នៅតាមប្រាសាទ គេសង្កេតឃើញព្រះប ដិមាករ និង រួបចំលាក់ខ្លះ​មាន​ព្រះ​ភក្រ្ដ​មុខ​មាត់ ដូច​តួ​អង្គ​ដែល​គេ​គោរព​បូជា និង​រំលឹក​។
  មន្ទីរ​ពេទ្យ​ចំនួន​១០២ ត្រូវ​បាន​ព្រះ​អង្គ​កសាង​ នៅតាមខេត្ដខ័ណ្ឌនានាក្នុងព្រះរាជានាចក្រ មាននៅលើកទឹកដី ប្រទេស​សៀម​មួយ​ផ្នែក ទុក​សំរាប់​ទំនុក​បំរុ​ងព្យា​បាល​ប្រ​ជា​នុរាស្រ្ដ​។ សិលាចារឹកខ្មែរនៅប្រាសាទតាព្រហ្ម និងសាយហ្វង ក្នុងប្រទេសលាវ បានកត់​ត្រា​រៀប​រាប់​អធិប្បាយ​យ៉ាង​ក្បោះ​ក្បាយ អំពី​មន្ទីរ​ពេទ្យ​ទាំង​នោះ ទាំង​ផ្នែក​ចាត់​ចែង​គ្រប់គ្រង់ផ្គត់ផ្គង់ ទាំងផ្នែកចំនាយ និង ឈ្មោះថ្នាំសង្កូវ។ មន្ទីរ​ពេទ្យ​នីមួយ​ៗ​មាន​គ្រូ​ពេទ្យ ​និង​បុគ្គ​លិក​រាជ​ការ​រាប់​រយ​នាក់ ដែលមានភារៈកិច្ចជួយថែរក្សាព្យាបាលអ្នកជំងឺ ប្រជាពលរដ្ឋខ្មែរទាំង៤វណ្ណៈ មាន​សិទ្ធិ​សេរី​ភាព​​ អាច​មក​ព្យា​បាល​រោគ​ជំងឺ នៅ​ទី​នេះ​បាន​។
  សិលាចារឹកខ្មែរ បានរំលឹកអំពីទឹកចិត្ដ និងទុក្ខព្រួយរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយសង្កត់យ៉ាងធ្ងន់ថា «ព្រះ​អង្គ​ឈឺ​ចុក​​ចាប់​ខ្លាំង​ណាស់ ដោយ​សារ​ទុក្ខ​ព្រួយ​របស់​ប្រជា​រាស្រ្ដ ខ្លាំង​ហើយ​ធ្ងន់​ជាង​ការ​ឈឺ​ចាប់​របស់​ព្រះ​អង្គ​ផ្ទាល់​។ គឺ​ទុក្ខ​ព្រួយ​របស់​ប្រជា​រាស្រ្ដ ដែល​នាំ​មក​នូវ​ក្ដី​ឈឺ​ចុក​ចាប់​ដល់​ព្រះ​មហា​ក្សត្រ​។​»
  មន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ បានស្ថិតស្ថេរគង់វង្សរហូតមកដល់សព្វថ្ងៃខ្លះដែរ។ មុនសម័យកម្ពុជាកើតមានសង្គ្រាម​នា​ទស្ស​វត្ស​១៩៧០ អ្នក​ស្រាវ​ជ្រាវ​បារាំង​ បាន​ឃើញ​មន្ទីរ​ពេទ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ចំនួន៣៣ ក្នុងមន្ទីរពេទ្យទាំង១០២។ មន្ទីរពេទ្យដែល​គេ​រក​ឃើញ​ក្រៅ​អំពី​នៅ​ក្នុង​ស្រុក​ខ្មែរ មាន​នៅ​ប្រទេស​លាវ ប្រទេសសៀម និងយួន។ គេសង្កេតឃើញមន្ទីរពេទ្យទាំងនោះមានទំហំ មានរូប​រាង​ទ្រង់​ទ្រាយ និង​ការ​ចាត់​ចែង​រៀប​ចំ​ដូច​គ្នា​។ មិន​តែ​ប៉ុណ្ណោះ តាម​ទីកន្លែងនីមួយៗ គេក៏រៀបចំអោយមានព្រះពុទ្ធរូប ទុកជាទីសក្ការបូជា​សំរាប់​អ្នក​ជំងឺ​ដែរ​។
  ធម្មសាលា ឬ សាលាសំណាក់ ក៏មានពាសពេញទឹកដីខ្មែរដែរ ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានសង់សាលាសំណាក់ទាំងអស់​១២១ នៅ​តាម​ផ្លូវ​ឆ្ងាយ​ ដែល​ចេញ​ពី​មហា​នគរ ទៅ​ទី​ក្រុង​សំខាន់​ៗ​ក្នុងនគរ។ សិលាចារឹកខ្មែរជាច្រើន បានបញ្ជាក់បង្ហាញជាសក្ខីភាព នៃ​ការ​កសាង​ផ្លូវ​ថ្នល់​គម​នា​គមន៍​ក្នុង​រជ្ជ​កាល​របស់​ព្រះ​អង្គ​។ សិលាចារឹកប្រាសាទព្រះខ័ន បានចារឆ្លាក់ថា៖
- ពីព្រះរាជធានីនគរធំ ទៅទីក្រុងចំប៉ា មានធ្មសាលា ៥៧ ដែលសង់ហូរហែតាមផ្លូវ សំរាប់ជាកន្លែងឈប់សំណាក់​ដល់​អ្នក​ដំណើរ​ ធម្ម​សាលា​នីមួយ​ៗ សុទ្ធ​តែ​មាន​ភ្លើង​សំរាប់​បំភ្លឺ​។
- ពីនគរធំ ទៅទីក្រុងភិម័យ មានធម្មសាលា១៧។
- ពីរាជធានីនគរធំ ទៅទីក្រុងជ័យវត្ដី ពីជ័យវត្ដី ទៅទីក្រុងជ័យសិង្ហវត្ដី ពីក្រុងជ័យសិង្ហវត្ដី ទៅទីក្រុងជ័យ​វីរ​វត្ដី​ពី​ជ័យ​វី​រវត្ដី ទៅ​ទី​ក្រុង​ជ័យ​រាជ​គីរី ពី​ជ័យ​រាជ​គិរី​ទៅ​ទី​ក្រុង​សុវី​របុរៈ ហើយ​ជា​បញ្ចប់​ពី​សុវីរ​បុរៈ ទៅ​ព្រះ​រាជធានីយសោធបុរៈ ឬ​នគរធំ​ ធម្ម​សាលា​មាន​ចំនួន​៤៤ ដោយ​មាន​ភ្លើង​សំរាប់​បំភ្លឺ​ដែរ​។
- ធម្មសាលាមានតែមួយប៉ុណ្ណោះ សំរាប់ទីក្រុងនីមួយៗ នៅស្រីសុរិយាបរព័ត ស្រីវិជ័យអាទិត្យ​បុរៈ និង​កល្យាន​ សិទ្ធិក​។
  ធម្មសាលាទាំងនេះ បើយើងគិតទៅតាមចំងាយផ្លូវ សង់ចន្លោះឃ្លាតឆ្ងាយពីគ្នា ពី១២គ.ម ទៅ ១៨.៥០ គ.ម។ នេះជា​សក្ខី​ភាព​បញ្ជាក់​អំពី​ផ្លូវ​គម​នាគមន៍​ អំពី​ទំហំ​ទឹក​ដី សកម្ម​ភាព​ដំណើរ និងធ្វើជំនួញនៅប្រទេសកម្ពុជា នាសម័យសតវត្សទី១២។ ដូច្នេះហើយ បានជា​ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​បាទ​ជ័យ​វរ័្មន​ទី​៧ បាន​ខំ​ប្រឹង​កសាង​បណ្ដាញសេដ្ឋកិច្ច ដើម្បីសំរួលដល់ជីវភាពរបស់បណ្ដារាស្រ្ដ។ ធម្មសាលា ឬសាលា​សំណាក់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧​ មាន​សល់រហូត​មក​ដល់​បច្ចុប្បន្ន​ នៅ​លើ​ទឹក​ដីកម្ពុ​ជានៅប្រទេសលាវ សៀម និង​យួន​។

៥. ទស្សនៈនយោបាយ

  ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រខ្មែរមួយដ៏ធំ នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ។ ព្រះអង្គព្រមទាំងព្រះអគ្គមហេសីទាំង​ពីរ​អង្គ បាន​ធ្វើ​ពលិ​កម្ម បរិ​ច្ចាគ​កំលាំង​ពលំ ទ្រព្យ​សម្បត្ដិ ដើម្បីបូជាថ្វាយចំពោះប្រទេសជាតិ និង ប្រជាជន។ ព្រះអង្គបានធ្វើអោយប្រទេស​កម្ពុជា​រួច​ខ្លួន​ចេញ​ពី​នឹម​នគរ​ចំប៉ា​ ហើយ​បាន​សាង​នគរ​អោយក្លាយទៅជាមហាអំណាចមួយ នៅក្នុងភូមិភាគអាស៊ីអគ្គេយ៍។ ស្នាដៃ និង កិត្យានុភាពរបស់ព្រះ​អង្គ មិន​មែន​កើត​ដោយ​ឯង​ៗ ចៃ​ដន្យ​នោះ​ទេ​។ អ្វី​ទាំង​អស់​សុទ្ធតែជាការគិតគូរ ត្រិះរិះពិចារណាស្វែងរក ដឹងរកយល់ ជាការកសាងរៀបចំ​ព្យា​យាម ដាក់​ទិស​ទៅ​ជា​គំរោង​ផែន​ការណ៍ និង ជា​ការ​កសាង​។ តាមរយៈប្រវត្ដិរបស់ព្រះអង្គ យើងអាចស្គាស់ និងយល់ យ៉ាងច្បាស់​អំពី​ទឹក​ចិត្ដ​ស្នេហា​ជាតិ អំពី​ឧត្ដម​គតិ​ ទ្រឹស្ដី និង ទស្សនៈ​នយោ​បាយ កសាង​ប្រ​ទេស​ជាតិ​របស់​ព្រះ​ អង្គ​។

ចំណោទ

នៅចំពោះមុខព្រឹត្ដិការណ៍ដ៏ធំធ្ងន់ធ្ងរ ដែលកំពុងតែផ្លាស់ប្ដូរ ព្រះបាទជ័យវរ្ម័ទី៧ ដែលជាព្រះរាជបុត្ររបស់ស្ដេច​ផែន​ដី ត្រូវ​ប្រកាន់​ឥរិ​យាបថ​ ដូច​ម្ដេច​? បើ​យោល​ទៅ​តាម​ប្រវត្ដិ​របស់​ព្រះអង្គ មុននឹងសំរេចចិត្ដធ្វើអ្វីនីមួយ ព្រះ អង្គបានចោទជាសំនួរសួរ​ខ្លួន​ឯង​ជា​មុន​ស្រេច​ទៅ​ហើយ​ សំនួរ​ទាំង​នោះ​មាន​ដូច​ជា​។
១. តើព្រះអង្គត្រូវធ្វើដូចម្ដេច បើនៅពេលព្រះបិតាព្រះអង្គចូលទីវង្គត ស្ដេចមួយទៀតក្នុងព្រះ​ញាតិ​វង្ស មក​ឆក់​ដណ្ដើម​រាជ​សម្បត្ដិ​ពី​ដៃ​ព្រះអង្គ​។
២. តើព្រះអង្គត្រូវប្រកាន់អាកប្បកិរិយាដូចម្ដេចដែរ នៅពេលដែលព្រះមហាក្សត្រ​ពេញ​ច្បាប់ ត្រូវ​នាម៉ឺន​ក្បត់​លប​លួច​ធ្វើ​ឃាត​?​
៣. តើព្រះអង្គត្រូវសំរេចចិត្ដធ្វើអ្វី ក្នុងកាលៈទេសៈ ដ៏ធ្ងន់ធ្ងរ ដែលព្រះមហាក្សត្រត្រូវអស់ព្រះជន្ម ហើយ​ទឹក​ដី​ត្រូវ​បរ​ទេស វាយ​ប្រហារ​ចូល​លុក​លុយ បំផ្លិច​បំផ្លាញ​កាន់​កាប់ត្រួតត្រា​ដាក់​ជា​នគរ​ចំនុះ​?​
៤. តើព្រះអង្គត្រូវរៀបចំផែនការណ៍ដូចម្ដេច ដើម្បីកទ័ពបង្កើតបង្កើនកំលាំង សំរាប់រំដោះប្រទេសជាតិ? តើ​ព្រះ​អង្គ​ត្រូវ​ប្រើ​យុទ្ធ​សាស្ត្រ​វិធី​របៀប​ណា ដើម្បី​យក​ជ័យ​ជំនះ​លើ​បច្ចាមិត្រ​?​
៥. តើព្រះអង្គ ត្រូវរៀបចំគំរោងការណ៍ដូចម្ដេច ដើម្បីកសាងប្រទេសជាតិ ដែលទើបតែឆ្លងផុតចេញពី​ភ្លើង​សង្រ្គាម​? ជា​ពិសេស​ដើម្បី​វាសនា​អនា​គត​របស់​ប្រទេស​ជាតិ​។

ទ្រឹស្ដីព្រះបាទជ័យវរ្ម័នទី៧

  ចំលើយព្រះបាទជ័យវរ្ម័នទី៧ស្ថិតនៅក្នុងឥរិយាបថ និង សកម្មភាពទាំងប៉ុន្មានរបស់ព្រះអង្គ។ ចំលើយទាំងនេះ ជា​ទ្រឹស្ដី និង​ជា​គោល​ទស្សនៈ​នយោ​បាយ​ធំ​របស់​ព្រះ​អង្គ ក្នុងការដឹកនាំ និង កសាងប្រទេសជាតិ។ ទ្រឹស្ដីនយោបាយរបស់ព្រះបាទជ័យវរ្ម័នទី២ យើង​អាច​រក​ឃើញ នៅ​តាម​សិលា​ចារឹក​ផ្សេង​ៗ​ដូច​ដែល​យើងធ្លាប់បានរៀបរាប់ ពីខាងលើមកស្រាប់។ ទ្រឹស្ដីនយោបាយរបស់ព្រះអង្គ ដែល​យើង​អាច​កត់​សំគាល់​មាន​ដូច​ជា ៖​
  ១. ការគោរពច្បាប់ជាបញ្ញាត្ដិធំបង្អស់ សំរាប់អ្នកដឹកនាំប្រទេសជាតិ។ នៅពេលដែលព្រះបាទជ័យវរ្ម័នទី២ត្រូវ​បាន​តែង​តាំង​ឡើង​ធ្វើ​ជា​ស្ដេច​ ព្រះ​បាទ​ជ័យ​វរ្ម័​ទី​៧ មិន​បាន​បញ្ចេញ​អាកប្ប​កិរិយា​ប្រឆាំងជំទាស់ទេ។ ព្រះអង្គសុខចិត្ដដាក់ខ្លួនគោរព ព្រះមហាក្សត្រថ្មី ដោយ​ក្ដី​ស្មោះ​ស្ម័គ្រ​។ ​គឺ​ព្រះ​អង្គ​គោរព​ច្បាប់​បទ​បញ្ជា ដែល​នា​ម៉ឺន​មុខ​មន្រ្ដី​ទាំងអស់បានសំរេច។
  ២. និយមសន្ដិភាព ជៀសវាងមិនបង្កបង្កើតសង្គ្រាមក្នុងស្រុក កាប់សំលាប់តែប្រជាជនជាតិឯង ព្រះបាទជ័យវរ្ម័ទី៧ ដែល​ជា​បុត្រ​មហា​ក្សត្រ និង​ ជា​មេ​ទ័ព​មាន​ទាហាន​រាប់​ម៉ឺន​នាក់​ស្ថិត​នៅក្រោមបង្គាប់ មានលទ្ធភាពគ្រប់យ៉ាង នឹងធ្វើសង្គ្រាម ដណ្ដើមយករាជ​សម្បត្ដិ​មក​វិញ​។ តែ​ព្រះ​អង្គ​មិន​ព្រម​យក​កំលាំង​អាវុធ មក​ដោះ​ស្រាយ​បញ្ហាផ្ទាល់ខ្លួនទេ។ ក្នុងឱកាសដែលនាម៉ឺន ត្រីភុវ័នអាទិត្យវរ្ម័នក្បត់លួចធ្វើ​ឃាត​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​២ ព្រះ​អង្គ​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង ដោយសមស្របត្រឹមត្រូវតាមច្បាប់ក្រិត្យវិន័យ និង លើកងទ័ពទាហានពលរេហ៍ ចេញ​មក​កំចាត់​ខ្មាំង​ជ្រែក​រាជ​។ តែ​ព្រះ​អង្គ​នៅស្ងៀម បែរ​ទៅ​សំងំ​មិន​បញ្ចេញ​សកម្ម​ភាព​អ្វី​ទាំង​អស់​។
  ៣. ការពារជាតិមាតុភូមិ ក្នុងគ្រាអាសន្ន ដែលត្រូវបរទេសចូលមកឈ្លានពាន គឺនៅក្នុងកាលៈទេសៈ ដែលស្ដេចនគរ​ចំប៉ា ព្រះ​បាទ​ជ័យ​ឥន្រ្ទ​វរ្ម័ន​ទី​៤ លើក​ទ័ព​ចូល​មក​វាយ​ប្រហារ​កាន់​កាប់​ប្រទេសកម្ពុជា ព្រះមហាក្សត្រខ្មែរអស់ព្រះជន្មទៀត ទើបព្រះបាទជ័យ​វរ្ម័ន​ទី​៧ សំរេច​ចិត្ដ​ចេញ​មុខ​មក​រំដោះ​ជាតិ​។
  ៤. ដើម្បីឡើងកាន់អំណាចគេត្រូវចេះលាក់ខ្លួន អត់ធ្មត់រង់ចាំពេលវេលា គេត្រូវតែរៀបចំខ្លួន អោយទៅជាមនុស្សល្អប្រ​សើរ ជា​អ្នក​អាច​ដោះ​ស្រាយ ស្រោច​ស្រង់​ប្រ​ទេស​ជាតិ​ពី​មហន្ដ​រាយ​។ ដោយដឹងថាកំលាំង និង មធ្យោបាយព្រះអង្គមិនគ្រប់គ្រាន់ និងដណ្ដើម​យក​អំណាច​បាន​ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​នៅ​ស្ងៀម​យក​ពេល​វេលាទុកសំរាប់ត្រិះរិះពិចារណា រកមាគ៌ាល្អ ដែលត្រូវអនុវត្ដ​ទៅ​ថ្ងៃក្រោយ​។
  ៥. ដើម្បីយកជ័យជំនៈឈ្នះលើសត្រូវ ដែលមានកំលាំងខ្លាំងជាងខ្លួន គេត្រូវប្រើវិធីវាយឆ្មក់ ឬ មួយគេត្រូវ​ទុក​អោយ​សត្រូវ​វាយ​ប្រយុទ្ធ​នឹង​សត្រូវ​មួយ​ទៀត រហូត​ទល់​តែ​ទន់​ខ្សោយ អស់កំលាំងទើបគេធ្វើអន្ដរាគមន៍ជាចុងក្រោយ ទៅបង្ហើយយកអំណាច​តែ​ម្ដង ប្រ​ហែល​ជា​ដឹង​ច្បាស់​ថា​ខ្លួន​មាន​កំលាំង​ស្ទើរ​មិន​គ្រប់​គ្រាន់ ដឹងថាស្ដេចជ័យវរ្ម័នទី២ មានមនុស្សចង់ធ្វើគតជាច្រើន ហើយ និងដឹងថា ​ស្ដេច​ជ្រែក​រាជ​ត្រី​ភុវ័ន​អាទិត្យ​វរ្ម័ន នឹង​ត្រូវ​ក្រុម​ផ្សេង​ក្ប ត់​ប្រឆាំង ទើប​ព្រះ​បាទ​ជ័យវរ្ម័នទី៧សុខចិត្ដសំងំ រង់ចាំពេលវេលាល្អ ដូចដែលមានឆ្លាក់​ចារ​លើ​សិលា​ចារឹក​។
  ៦ . យកបញ្ហាអាយុជីវិតអាណាគតរាស្រ្ដ ធ្វើជាធំមុខអំណាច និង ផលប្រយោជន៍ផ្ទាល់ ព្រះមហាក្សត្រ ឬ អ្នកដឹក​នាំ​ជាតិ ត្រូវ​ចេះ​យក​ទុក្ខ​ព្រួយ​ ភាព​ក្រី​ក្រ​តោក​យ៉ាក លំបាក​លំបិន រហេរហាម សោកសៅ របស់ប្រជាជនមកធ្វើជា ទុក្ខព្រួយឈឺចុកចាប់របស់ខ្លួន​ឯង​ផ្ទាល់​។ គេ​ត្រូវ​ចាត់​ទុក ទុក្ខ​រាស្រ្ដ​ជា​ធំ ធំ​ជាង​ទុក្ខ​ផ្ទាល់​ខ្លួន​។ ផ្ទុយទៅវិញបើគេនាំគ្នាសប្បាយលើកខ្នងរាស្រ្ដ ហើយចាត់ទុករាស្រ្ដជា​វណ្ណៈ​ទាស​ករ ចាំ​តែ​បំរើ​ខ្លួន ក្រុម​គ្រួសារ​បក្ស​ពួក​ខ្លួន ពេល​នោះ​ប្រ​ទេស​ជាតិ នឹង​កើត​មាន​អន្ដរ​កប្ប​ជា​មិន​ខាន​។
  ៧. ការដណ្ដើមយកអំណាចជារឿងមួយ ការរំដោះជាតិចេញពីនឹមអាណានិគមបរទេស ជារឿងមួយទៀត។ ហើយ​ការ​កសាង​ជាតិ អោយ​បាន​ស្គាល់​សេច​ក្ដី​សុខ​សប្បាយ ចំរុង​ចំរើន​រុង​រឿង ជារឿងមួយទៀត។ បញ្ហាទាំងបីនេះ មានអត្ថន័យខុសគ្នាទាំងស្រុង​។ អ្នក​ដែល​ដណ្ដើម​អំណាច​បាន​ អ្នក​ដែល​រំដោះ​ជាតិ​បាន មិន​មែន​ពិត​ជា​អាចកសាងជាតិ រកសេចក្ដីសុខជូនរាស្រ្ដបានទេ។ ត្រង់ចំនុចនេះព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ យល់​ច្បាស់​ណាស់​។ ដូច្នេះ​ហើយ​បាន​ ជា​ក្នុង​ការ​កសាង​ស្វែង​រកសេចក្ដីសុខសប្បាយ លូតលាស់​ថ្កុំថ្កើងជូនប្រជាជន និងជាតិ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​កំនត់​ទៅ​លើ ៖​
- ការរៀបបញ្ហាការពារប្រទេស អោយបានមាំមួន ដូចការកសាងកំពែងនគរធំ៘
- ការរៀបចំបណ្ដាញទឹក សំរាប់ប្រកបកសិកម្ម
- ការរៀបចំផ្លូវគមនាគមន៍ឆ្វាត់ឆ្វែងទៅគ្រប់ទិសទី ដោយមានសាលាសំណាក់សំរាប់ឈ្មួញ ឬអ្នកដំណើរ
- សេដ្ឋកិច្ចរឹងប៉ឹងខ្លាំងក្លា ដែលអាចមានដំណើរ ដើរល្អដោយសារកត្តាខាងលើ
- ការដោះស្រាយសង្គមកិច្ច ជាពិសេស បញ្ហាសុខាភិបាល ដោយមានសាងមន្ទីរពេទ្យជាដើម៘

សាសនាជាឧបករណ៍នយោបាយ

  តែព្រះបាទជ័យវរ្ម័ទី៧ យល់ថាទ្រឹស្ដី និង ចំលើយទាំងប៉ុន្មាន មិនគ្រប់គ្រាន់ទេ សំរាប់ការកសាងប្រទេសជាតិ។ ទ្រឹស្ដី​ដែល​វិវត្ដ​ទៅ​តាម​កាល​វេលា​ គ្មាន​អ្វី​ស្ថិត​ស្ថេរ ហើយ​អាច​រលត់​រលាយ វិវត្ដផ្លាស់ប្ដូរយ៉ាងងាយ។ គ្រានោះ ជាតិមានតែសំបកក្រៅ តែ​គ្មាន​ព្រលឹង គ្មាន​វិញ្ញាណ​អ្វី​ទាំង​អស់​។
  ប្រហែលជាសំអាងទៅលើព្រឹត្ដិការណ៍ជាតិ ទៅលើបញ្ហានគរ ដែលធ្លាប់តែចោទក្នុងអតីតកាលទៅលើជំលោះសាសនា ទៅ​លើ​ការ​រីក​ចំរើន​របស់​ព្រះ​ពុទ្ធ​សាសនា និង​ទៅ​លើ​ការ​ពិសោធន៍ផ្ទាល់ខ្លួន ទើបព្រះបាទជ័យវរ្ម័នទី៧ ត្រិះគិតពិចារណា យកព្រះពុទ្ធសាសនា​មក​ធ្វើ​ជា​មូល​ដ្ឋាន​ សំរាប់​ផ្សព្វ​ផ្សាយ​អនុ​វត្ដ​ទ្រឹស្ដី​របស់​ព្រះអង្គ គឺព្រះអង្គយកទ្រឹស្ដី គោលគំនិតនយោបាយព្រះអង្គ ទៅរំលាយបញ្ចូលក្នុង​ទ្រឹស្ដី​ព្រះ​ពុទ្ធ​សាសនា​។ ដូច្នេះ​ទ្រឹស្ដី​គំនិត​ព្រះ​អង្គ​ ដែល​ចេញ​ពីពុម្ពព្រះពុទ្ធសាសនា នឹងអាចក្លាយទៅជាពាក្យពិតរបស់ព្រះពុទ្ធ ដែលប្រជាពល​រដ្ឋ​ខ្មែរ​ល្ងង់​ខ្លៅ​ត្រូវ​តែ​នាំ​គ្នា​ជឿ​គោរព​បូជា ឥត​ហ៊ាន​ធ្វេស​ប្រ​ហែស​។
  ម្យ៉ាងទៀត ប្រហែលជាដឹងច្បាស់ថា ប្រជាជនខ្មែរភាគច្រើន កំពុងតែមានជំនឿស៊ប់ទៅលើព្រះពុទ្ធសាសនា ទើប​បាន​ជា​ព្រះ​អង្គ ចាប់​យក​ព្រះ​ពុទ្ធ​សាសនា មក​ធ្វើ​ជា​ឧប​ករណ៍​នយោ​បាយ​។ មធ្យោបាយនេះ អាចពង្រឹងអំណាចព្រះអង្គផង អាចទទួលនូវការ​ពេញ​ចិត្ដ និង​គាំ​ទ្រ​ពី​សំណាក់​ប្រជា​រាស្រ្ដ​ផង​។
  ពាក្យពិតរបស់ព្រះពុទ្ធ ដែលសំខាន់ជាងគេ គឺព្រះពុទ្ធមិនបានឈានចូលនិព្វានទេ ព្រះពោធិសត្វ នៅជិតជាប់នឹងយើង ហើយ​ចាប់​ជាតិ​កំណើត​មក​ជា​ព្រះ​មហា​ក្សត្រ​។ ដូច្នេះ ព្រះ​មហា​ក្សត្រ​ខ្មែរ មាន​ស្ដេច​ផង មាន​ព្រះ​ពុទ្ធ​ផង ដែល​យើង​អាច​ដាក់​ឈ្មោះ​ថា ពុទ្ធ​រាជ​ ។
  ទស្សនៈនេះ មិនមែនជាទ្រឹស្ដីថ្មីអ្វីទេ គឺជាទស្សនៈទេវរាជ របស់ព្រះបាទជ័យវរ្ម័ទី២ កែប្រែប៉ុណ្ណោះ។ ក្នុងទស្សនៈ ទេវ​រាជ​ ព្រះ​មហា​ក្សត្រ​ខ្មែរ​ ជា​តួរ​អង្គ​ព្រះ​អាទិ​ទេព ហើយ​លិង្គ​ព្រះ​សិវៈ ជា​តំណាង​ដែលគេនាំគ្នាធ្វើសក្ការៈបូជា ឥលូវនេះព្រះមហាក្សត្រនៅដដែល ឥត​រើ​រុស​ទេ​។ អ្វី​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ គឺលិង្គ​ព្រះ​សិវៈ ដែល​ត្រូវ​ទុក​ដំណែង​អោយ​ព្រះ​ពោធិ​សត្វ​លោ​កេ​ស្វរៈ​។
  ដើម្បីជំរុញព្រះពុទ្ធសាសនា និង ទ្រឹស្ដីថ្មី ព្រះបាទជ័យវរ្ម័នទី៧ បានសាងរូបលោកេស្វរៈ សំរាប់ជាទីសក្ការៈបូជា នៅ​តាម​ប្រាសាទ​ធំ​ៗ របស់​ព្រះ​អង្គ ដូច​ជា​ប្រា​សាទ​បាយ័ន ខ្លោង​ទ្វាន​គរ​ធំ ប្រា​សាទ​តា​ព្រហ្មប្រាសាទព្រះខ័នជាដើម គេបានប៉ាន់ស្មានថារូបលោកេស្វរៈ នៅ​កំពូល​កណ្ដាល​ប្រា​សាទ​បាយ័ន​ ជា​រូប​សំណាក​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧។ ទោះបីជាព្រះពុទ្ធសាសនា ត្រូវព្រះបាទជ័យវរ្ម័ទី៧ យក​មក​ធ្វើ​ជា​ឧប​ករណ៍​សំរាប់​បំរើ​អំណាច​ផល​ប្រ​យោជន៍​ផ្ទាល់ ព្រះ​អង្គ​ក៏​ដោយ​ក៏យើងអាចចាត់ទុកជាជំហានថ្មីមួយរបស់សង្គមជាតិខ្មែរដែរ ក្នុង​ការ​រើ​បំរះ​អំពី​អំណាច​ផ្ដាច់​ការ ស្ដេច​ និង​ ការ​បែង​ចែក​វណ្ណៈ​។ ជំហាន​មួយ​ទៀត គឺព្រះពុទ្ធសាសនា ដែលមានមូលដ្ឋានទ្រឹស្ដី ស្ថិតនៅលើបុណ្យ​បារមី កម្ម​ពៀរ​វេរា​ទាន​សន្ដោស​មេត្ដា​ធម៌​៘ អាច​មាន​ឥទ្ធិ​ពល ធ្វើ​អោយ​ព្រះមហាក្សត្រខ្មែរជំនាន់ក្រោយ គោរពអនុវត្ដទៅតាមក្រិត្យក្រមវិន័យ បញ្ញាតិ​របស់​ព្រះ​អង្គ ដោយ​យក​ទ្រឹស្ដី​ក្នុង​ព្រះ​ពុទ្ធ​សាសនា​មក​ធ្វើ​ជា​មូល ដ្ឋានបំរើជាតិគេអាចនឹងករសាងជាប្រទេសជាតិមួយយ៉ាងល្អប្រសើរ។

No comments:

Post a Comment