មនុស្សគ្រប់រូបតែងប្រាថ្នាចង់បាន ចិត្តស្ងប់ ចិត្តស្រស់ថ្លា មិនល្អក់កករ។ សេចក្តីប្រាថ្នានេះ ជួនកាលក៏សមតាមបំណង ជួនកាលក៏មិនសមតាមបំណង។ ចិត្តរបស់មនុស្សហាក់ដូចជាស្ងប់ស្ងាត់បានតែមួយរយៈ តែក្រោយមកក៏ប្រែល្អក់កករឡើងវិញ ដោយមិនដឹងមកពីមូលហេតុអ្វី។ មនុស្សភាគច្រើនសុទ្ធតែធ្លាប់ចោទសួរខ្លួនឯងថា តើពេលណាទើបចិត្តរបស់ខ្ញុំស្រស់ថ្លា? តើពេលណាទើបខ្ញុំលែងស្មុគស្មាញ? ឆាក ជីវិតមនុស្សហាក់ដូចជាជាប់ចំណង គឺចំណងចិត្តខ្លួនឯង។ ចំណងចិត្តនេះ ធ្វើឲ្យមនុស្សបាត់បង់សេរីភាព។ តើគេត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានសេរីភាពផ្លូវចិត្ត? តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានជីវិតមួយដែលស្រស់បំព្រង ដែលមិនល្អក់កករនឹងកង្វល់ទាំងពួង?
មនុស្សគ្រប់រូបនឹងទទួលបានសេរីភាព ប្រសិនបើគេអាចប្រតិបត្តិបានពេញលេញទៅតាមមាគ៌ាដ៏សាមញ្ញទាំងបួនខាងក្រោម៖
១. ប្រើតែពាក្យជាកុសល៖ ពាក្យជាកុសលមានន័យថា ពាក្យទាំងឡាយណាដែលប្រាសចាកពីបាប ប្រាសចាកពីការច្រណែន ឈ្នានីស ឬញុះញង់បំបែកបំបាក់។ ប្រើតែពាក្យជាកុសល មានន័យថា ប្រើពាក្យដែលផ្តល់ប្រយោជន៍ដល់ខ្លួន មិនប្រើពាក្យណាដែលប្រឆាំងនឹងខ្លួនឯង។ ពាក្យសម្តីមានអានុភាពក្រៃលែង។ ពាក្យសម្តី បង្កប់ដោយថាមពល និងឆន្ទៈ របស់មនុស្ស។ ពាក្យដែលពោលចេញពីមាត់ គ្រប់ពាក្យសុទ្ធតែបង្កប់ទៅដោយចេតនាពីខាងក្នុងមក។ មនុស្ស គឺជាសត្វលោកតែមួយគត់តែអាចនិយាយបាន សត្វផ្សេងៗទៀតមិនអាចនិយាយបានទេ។ ដូច្នេះមនុស្សមិនគួរគប្បីប្រើពាក្យសម្តីរបស់ខ្លួនក្នុងផ្លូវខុស ឡើយ។ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គេធ្លាប់ដឹងមកហើយថា អ៊ីត្លែរ បានប្រើថាមពលនៃពាក្យសម្តីរបស់ខ្លួនអូសទាញប្រជាជាតិដ៏ឆ្លាតវៃ ជាងគេបំផុតមួយក្នុងលោក ឲ្យលង់តាមគំនិតរបស់ខ្លួន និងបង្កវិនាសសកម្មដល់ពិភពលោកទាំងមូលតាមរយៈសង្គ្រាមលោក។ ពាក្យសម្តី គឺជាអាវុធមុខពីរ កាលណាគេប្រើវាក្នុងផ្លូវត្រូវ វាក៏ផ្តល់ផលល្អ។ កាលណាគេប្រើវាក្នុងផ្លូវខុស វាក៏ផ្តល់ផលអាក្រក់។ ពាក្យសម្តី គឺជាឫសគល់ នៃជំនឿ ហើយជំនឿជាឫសគល់នៃទង្វើ។ ប្រសិនបើមាននរណាមកនិយាយប្រាប់យើងថា "អ្នកឯងល្ងង់ណាស់ " ។ ប្រសិនបើយើងធ្លយជឿតាមពាក្យនេះ យើងព្រមទទួលថាខ្លួនល្ងង់ យើងនឹងមើលឃើញថាខ្លួនឯងល្ងង់។ យើងគិតថាខ្លួនល្ងង់គ្រប់ពេល។ ថ្ងៃក្រោយមកមានមនុស្សម្នាក់ផ្សេងទៀតនិយាយប្រាប់យើងថា "អ្នកឯងជាមនុស្សឆ្លាត" ។ ពាក្យនេះហាក់ទាញយើងចេញពីជំនឿចាស់ ហើយយើងចាប់ផ្តើមទទួលយកពាក្យថ្មីនេះ និងព្រមទទួលថាយើងឆ្លាត។ យើងចាប់ផ្តើមមើលឃើញថាខ្លួនឯងឆ្លាត។ ក្នុងជីវិតរស់នៅប្រចាំថ្ងៃមនុស្សយើងច្រើនតែប្រើពាក្យក្នុងផ្លូវ ខុស។ មនុស្សយើងច្រើនប្រើពាក្យ និយាយដើមគ្នា និយាយអាក្រក់ពីគ្នា និយាយភូតភរកុហក និយាយដោយក្តីច្រណែន ។ល។ ជាជាងប្រើពាក្យក្នុងផ្លូវល្អ ប្រើពាក្យដោយសេចក្តីមេត្តា និងសេចក្តីស្រាឡាញ់។ មាគ៌ាទីមួយ ឆ្ពោះទៅរកសេរីភាពផ្លូវចិត្តគឺ ប្រើតែពាក្យល្អៗ ចំពោះខ្លួនឯងនិងចំពោះអ្នកដទៃ។
២. កុំរើសដាក់ខ្លួន ៖ ហេតុដែល ធ្វើឲ្យចិត្តរបស់យើងមិនស្ងប់សោះនោះ គឺមកពីយើងចេះតែរើសដាក់ខ្លួន។ ប្រសិនបើយើងមិនទុកក្នុងចិត្តទេ ចិត្តរបស់យើងក៏មិនឈឺដែរ។ ឧទាហរណ៍ គេថាយើងល្ងង់ ប្រសិនបើយើងមិនព្រមទទួលតាមពាក្យគេ ហើយក៏មិនទុកក្នុងចិត្ត ចិត្តយើងក៏មិនឈឺ។ កាលដែលចិត្តយើងឈឺគឺមកពីយើងព្រមទទួលថាខ្លួនយើងល្ងង់។ យើងគិតថា គេថាខ្ញុំល្ងង់ ខ្ញុំល្ងង់មែនទេដឹង ... ឬមកពីគេឃើញចំនុចល្ងង់របស់ខ្ញុំមែន ... ។ បើយើងគិតអញ្ចឹង យើងប្រាកដជាឈឺចិត្ត។ ប៉ុន្តែ បើយើងគិតថា ខ្ញុំមិនមែនល្ងង់ទេ តាមពិតទៅអ្នកដែលនិយាយថាខ្ញុំល្ងង់ គឺគេនិយាយទៅតាមគំនិតរបស់គេ ហើយគំនិតរបស់គេនោះមិនបានទាក់ទងអ្វីទាល់តែសោះ ជាមួយខ្ញុំ នោះយើងបានរារាំងមិនឲ្យពាក្យនោះចូលដល់ក្នុងចិត្តយើងឡើយ ហើយចិត្តរបស់យើងក៏មិនឈឺ គ្រាន់តែទទួលដឹងថាគេនិយាយដូច្នេះ តែមិនបានយកវាមកទុកក្នុងចិត្តបន្តិចសោះឡើយ។ គេគិតក្នុងផ្លូវរបស់គេ យើងមិនអាចហាមឃាត់គេមិនឲ្យគិតបានទេ។ គេគិតយ៉ាងម៉េច ជាគំនិតរបស់គេ កុំជឿតាមគេ កុំព្រមតាមគេ អ្វីដែលគេគិត អ្វីដែលគេធ្វើ និងអ្វីដែលគេនិយាយ សុទ្ធតែជារឿងរបស់គេទាំងអស់ មិនបានទាក់ទងដល់យើងបន្តិចសោះឡើយ។ ប្រសិនបើយើងអាចប្រតិបត្តិដូច្នេះបានជាប្រចាំ យើងប្រាកដជាអាចជៀសផុតពីកង្វល់ច្រើនយ៉ាងបំផុត ហើយយើងក៏មានសេរីភាពបំផុតដែរ។ យើងពិតជាអាចស្រាយចំណងចិត្តបាន។ ពិភពលោកនេះប្រាកដជាក្លាយជាឋានសួគ៌ជាក់ជាពុំខាន ពោលគឺទោះបីជាពិភពខាងក្រៅល្អក់កករឬខ្មៅងងឹតយ៉ាងណាក៏ដោយ ក៏ក្នុងចិត្តរបស់យើងនៅតែស្រស់ថ្លាជានិច្ច។ កុំយកចិត្តរបស់យើងទៅច្របូកច្របល់ជាមួយទង្វើរបស់អ្នកដទៃ គេនិយាយអ្វី គេធ្វើអ្វី ជារឿងរបស់គេ ចូរកុំយកមកទុកក្នុងចិត្តឲ្យសោះ។ បើយើងអាចអនុវត្តដូច្នេះបាន នោះគ្មាននរណាម្នាក់អាចធ្វើឲ្យយើងឈឺចាប់បានឡើយ។ កុំទុកក្នុងចិត្ត កុំរើសដាក់ខ្លួន។
៣. កុំស្មាន កុំសន្មត៖ មនុស្សយើងច្រើនចូលចិត្តស្មាន ហើយដៅថាការស្មានរបស់ខ្លួនត្រឹមត្រូវ ។ យើងមិនទាន់បានមើលដល់សភាពពិតយ៉ាងណាផង យើងក៏ដៅក្នុងចិត្តរួចទៅហើយថា រឿងនេះ នឹងទៅជាយ៉ាងនេះ យើងនោះនឹងទៅជាយ៉ាងនោះ។ ការស្មាននេះ ដក់នៅក្នុងចិត្តយូរៗទៅ យើងក៏ជឿថាវាជាការពិត។ លុះថ្ងៃមួយ ការពិតលេចឡើងខុសពីការស្មានរបស់យើង យើងទៅជាខកចិត្ត ឬឈឺចិត្ត។ ឫសគល់នៃបញ្ហា ឫសគល់នៃការខកចិត្ត គឺកើតចេញមកពីការស្មាន។ គ្រាន់តែចាប់ផ្តើមស្មានភ្លាម គឺចាប់ផ្តើមបង្កើតបញ្ហាភា្លម។ ចិត្តរបស់យើងចេះតែមិនស្ងប់ ចេះតែល្អក់ គឺបណ្តាលមកពីយើងចេះតែរើសដាក់ខ្លួន និងចេះតែស្មាននូវរឿងរ៉ាវនៅជុំវិញខ្លួន។ ដោយសារតែយើងខ្លាចមិនហ៊ានសួរឲ្យច្បាស់ យើងក៏សន្មតដោយខ្លួនឯង។ យើងសន្មតថាខ្លួនយើងត្រូវ ហើយអ្នកដទៃខុស។ ឧទាហរណ៍ ប្តីប្រពន្ធរស់នៅជាមួយគ្នា ប្រពន្ធគិតថាប្តីយល់ចិត្តខ្លួនគ្រប់យ៉ាង ហើយគិតទៀតថាប្តីគួរតែដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ។ លុះដល់ពេលមួយនោះ ប្តីមិនបានធ្វើត្រូវតាមការគិតរបស់ខ្លួន ក៏ស្រាប់តែអន់ចិត្ត ឈឺចិត្ត ឬខឹង។ មូលហេតុ គឺបណ្តាលមកពីគេមិនព្រមនិយាយគ្នាឲ្យច្បាស់ គិតតែពីស្មាន ហើយយកការស្មានមកធ្វើជាការពិត។ ប្តី មានការគិតបែបផ្សេងមួយ ចំណែកឯប្រពន្ធក៏មានការគិតបែបផ្សេងទៀតដែរ។ ការស្មានគឺជាឫសគល់ដែលនាំទៅដល់ការយល់ច្រឡំ និងបង្កបញ្ហាជាច្រើនដល់ទំនាក់ទំនងផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ ៗជាពិសេសទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់។ ជីវិតរបស់អ្នកនឹងស្រស់ថ្លា នៅពេលដែលអ្នកលែងស្មាន លែងសន្មត ហ៊ានសួរអ្វីដែលមិនច្បាស់ ហ៊ានប្រាប់ថាអ្នកចង់បានអ្វី ពោលគឺនិយាយគ្នាឲ្យយល់គ្នាច្បាស់មិនឲ្យនៅមានមន្ទិលសង្ស័យ ដៃគូរបស់យើងក៏អស់សង្ស័យ ចំណែកឯខ្លួនយើងក៏អស់សង្ស័យ។ បើធ្វើដូច្នេះបាន ចិត្តរបស់អ្នកនឹងស្រស់ថ្លា មិនល្អកកករឡើយ។
៤. ធ្វើឲ្យអស់ពីសមត្ថភាព ៖ ទោះជាអ្នកត្រូវធ្វើអ្វីក៏ដោយ ចូរធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នក។ នេះជាមូលដ្ឋានគ្រឹះ ធានាដល់កិច្ចការទាំងពួង។ មាគ៌ាទាំងបីខាងលើនឹងមិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើគេមិនខិតខំអនុវត្តឲ្យអស់សមត្ថភាពនោះទេ។ មាគ៌ាទាំងបីខាងលើស្តាប់ទៅ សាមញ្ញណាស់ តែពិបាកអនុវត្ត។ មានតែការខំប្រឹងធ្វើឲ្យអស់ពីសមត្ថភាពទេ ទើបអាចទទួលបានផល។
សៀវភៅដើម The Four Agreements: A Practical Guide to Personal Freedom និពន្ធដោយ Don Miguel Ruiz
No comments:
Post a Comment