ខ្លឹមសារសង្ខេប
ជារៀងរាល់ថ្ងៃ ស្នីវ ស្គើរី ហ និង ហេម តែងចេញស្វែងរកឈីសជាចំណី។ ស្នីវ និង ស្គើរី គឺជាសត្វកណ្តុរ ដូច្នេះពួកគេប្រើប្រាស់សភាវគតិដើម្បីស្វែងរកឈីស ពោលគឺជួនក៏រកឃើញជួនក៏រកមិនឃើញ។ បើស្វែងរកទីនេះមិនឃើញ ពួកគេក៏ស្វែងរកនៅទីនោះម្តង។ ហ និង ហេម គឺជាមនុស្ស ពួកគេពឹងលើខួរក្បាល និងបទពិសោធន៍ ដើម្បីស្វែងរកឈីស។ អ្នកទាំងបួនស្វែងកឈីសក្នុងប្លុកមួយរួមគ្នា។
ស្នីវ និង ស្គើរី តែងតែសង្កេតមើលសភាពប្រែប្រួលក្នុងប្លុកដែលខ្លួនរកស៊ី។ ថ្ងែមួយពួកគេសង្កេតឃើញថា លែងមានឈីសទៀតហើយ។ ដោយសារបានត្រៀមខ្លួនរួចជាស្រេច ពួកគេបានប្តូរទៅរកឈីសនៅប្លុកមួយផ្សេងទៀត។
ចំណែកឯ ហ និងហេម វិញ ពុំដែលបានសង្កេតមើលសភាពប្រែប្រួលជុំវិញខ្លួនទេ។ ពួកគេតែងតែទៅរកឈីសនៅកន្លែងដដែលៗ។ ពួកគេមិនដឹងថា ឈីសមកពីទីណានិងដោយរបៀបណាទេ គ្រាន់តែដឹងថាទៅនោះមានឈីស។ ពួកគេតែងតែរកបានឈីសជានិច្ច ជាហេតុបណ្តាលឲ្យពូកគេគិតថានៅប្លុកនេះឈីសមិនចេះអស់ទៅណាទេ។ ពួកគេមានអារម្មណ៍ថាជីវិតមានស្ថេរភាព។ ដូច្នេះទើបពូកគេលែងគិតត្រៀមខ្លួនអ្វីទាំងអស់។ ថ្ងៃមួយស្រាប់តែ... អ្នកទាំងពីរលាន់មាត់ស្រែកឡើងថា អស់ឈីសហើយ!!! នរណា យក ឈីស របស់ខ្ញុំទៅណា??? អ្នកទាំងពីរខំរកសព្វទិសទីក្នុងប្លុក តែរកមិនឃើញឈីសទាល់តែសោះ។ ពួកគេខឹងឡើងមុខក្រហម រួចស្រែកថា មិនយុត្តិធម៌ទេ!!! ពួក គេចំណាយអស់ជាយូរមិនដឹងថាត្រូវធ្វើអ្វី គឺបានតែត្រឹមសោកស្តាយថាហេតុអ្វីបានជាបាត់ឈីសទៅណាអស់។ ពួកគេហេវហត់ អស់កម្លាំង និងបាក់ទឹកចិត្ត។
ស្អែកឡើង ពូកគេមករកឈីសម្តងទៀត ប៉ុន្តែគ្មានប្រយោជន៍ឡើយ សភាពការណ៍នៅតែដដែល គឺគ្មានឈីស។ ពួកគេគិតថា ឈីសរលាយបាត់ភ្លាមៗមិនដឹងទៅណា (តែតាមការពិត ឈីស កាន់តែបាត់បង់ទៅៗជារៀងរាល់ថ្ងៃ ប៉ុន្តែពួកគេមិននបានសង្កេតមើល)។ ជារៀងរាល់ព្រឹក ពួកគេខំចេញទៅស្វែងរកឈីស រួចត្រឡប់មកផ្ទះវិញនៅពេលល្ងាច ទាំងបាតដៃទទេ...
ថ្ងៃមួយ ហ ហាក់ដូចជាភ្ញាក់ខ្លួន ដោយគិតថា យើងធ្វើកិច្ចការដដែលៗជារៀងរាល់ថ្ងៃ ប៉ុន្តែមិនបានផលអ្វីសោះ ។ ហ និយាយទៅកាន់ ហេម សំលាញ់ យើងដូចជាមិនដែលឃើញ ស្នីវ និង ស្គើរី សោះមួយរយៈនេះ ។ តើពួកគេបានដឹងរឿងថាអស់ឈីសដូចយើងដែរឬអត់ ឬមួយពួកគេដឹងមុនយើង ហើយទៅណាបាត់? ហ បបួល ហេមទៅរកឈីសនៅកន្លែងផ្សេងមួយទៀត។ ប៉ុន្តែ ហេម បដិសេធ ដោយនៅតែរក្សាគំនិតថាថ្ងៃណាមួយនឹងមានឈីសឡើងវិញនៅប្លុកនេះ។
ហ សម្រេចិត្តទៅស្វែងរកឈីសនៅប្លុកថ្មីតែម្នាក់ឯង។ ហ ចាប់ផ្តើមដើររកឈីសតាមច្រករបៀង និងដើរឆ្ពោះទៅរកកន្លែងថ្មីដែលខ្លួនមិនដែលទៅទាល់តែសោះ។ ដើរបណ្តើរគិតបណ្តើរ ស្រាប់តែក្នុងចិត្តរបស់ ហ ហាក់ដូចជាមានពន្លឺអ្វីម្យ៉ាង ទោះបី ហ មិនទាន់រកឃើញ ឈីស សូម្បីតែមួយដុំក៏ដោយ។ ហ ចាប់ផ្តើមមានអារម្មណ៍សប្បាយពីខាងក្នុងមក។ អារម្មណ៍សប្បាយនេះ គឺដោយសារ ហ ដឹងថាខ្លួនបានរួចពីចំណងចិត្ត រួចពីសភាពភ័យខ្លាច សភាពដែលមិនហ៊ានទៅរកឈីសនៅកន្លែងថ្មី សភាពភ័យខ្លាចនេះ បានចង ហ ឲ្យរស់ក្នុងជីវិតមួយដែលមានសភាពដដែលៗ។ ឥឡូវនេះ ហ បានឆ្លងផុតពីអារម្មណ៍ភ័យខ្លាចនេះហើយ ។ ហ ហាក់បានឃើញពន្លឺជិវិតនៅចំពោះមុខ។ ហ បន្តដំណើរទៅមុខឥតឈប់ឈរ ដើម្បីស្វែងរកឈីសនៅកន្លែងថ្មី។ ...ពិតជាមានឈីសនៅកន្លែងថ្មីមែន! ទី បំផុត ហ បានរកឃើញប្លុកថ្មីដែលបរិបូណ៌ទៅដោយឈីស។ ហ ត្រេកអរឥតឧបមា។ ហ កំពុងតែសប្បាយនឹង ឈីស ស្រាប់តែ ឃើញ ស្នីវ និងស្គើរី នៅទៅនោះដែរ។ ហ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ មកដល់ពេលនេះ ទើប ហ ដឹងថាស្នីវ និងស្គើរី បានរកឃើញកន្លែងថ្មីនេះ ជាយូរមកហើយ...។
ហ នឹកគិតក្នុងចិត្ត និងស្ងើចសរសើរ ចំពោះ ស្នីវ និងស្គើរី ដែលចេះរៀបចំជីវិតយ៉ាងសាមញ្ញ និងកែប្រែខ្លួនទៅតាមសភាពជាក់ស្តែង។ ពួកគេចេះបត់បែនយ៉ាងឆាប់រហ័ស។ ពួកគេកត់សម្គាល់ការប្រែប្រួលតាំងពីនៅតិចតួចនៅឡើយ និងត្រៀមលក្ខណៈសម្រាប់ការប្រែប្រួលដ៏ធំ។ ហ នឹកដល់ ហេម ថាប្រសិនបើហេមព្រមផ្លាស់ប្តូរកន្លែងថ្មីមុខតែគេសមប្រកបដូច ខ្លួនដែរមិនខាន។ មានតែហេមម្នាក់គត់ ដែលអាចកែខៃជីវិតខ្លួនឯងបាន។ ហ បានបន្សុលទុកដានជាច្រើននៅលើជញ្ជាំង ដោយសង្ឃឹមថា ហេម នឹងអាចរកឃើញកន្លែងថ្មីដែលបរិបូណ៌ទៅដោយឈីសមួយនេះ...។
វិភាគ
ឆាកជីវិតមនុស្សយើងដូចគ្នានឹងតួអង្គទាំង៤ខាងលើនេះដែរ ជួនកាលយើងជាស្នីវ ជួនកាលយើងជាស្គើរី ជួនកាលយើងជា ហ និងជួនកាលយើងជាហេម។ យើងត្រូវត្រៀមលក្ខណៈជានិច្ច និងសង្កេតមើលការប្រែប្រួលជាប្រចាំ។ មិនត្រូវចាំរហូតទាល់តែអស់ ឈីស ទើបស្តាយក្រោយនោះទេ។ តើអ្វីខ្លះជា ឈីស នៅក្នុងឆាកជីវិតរបស់អ្នក? ការងារ? មុខរបរ? មុខតំណែង? បុណ្យសក្តិ? តើ របស់ទាំងនេះស្ថិតស្ថេរដល់កម្រិតណា? តើគួរតែផ្លាស់ប្តូរទៅកន្លែងថ្មីមុនពេលវត្ថុទាំងនេះបាត់បង់ទៅ ឬត្រូវកែខៃសភាពការណ៍ដោយរបៀបណា?
No comments:
Post a Comment