ភិរម្យង៉ុយ ឬ ក្រមង៉ុយ
(១៨៦៥ – ១៩៣៦)
ជីវប្រវត្តិ
- កើតពី គ.ស ១៨៦៥ នៅឃុំកំបូល ស្រុកភ្នំពេញ ។
- បិតានាម អ៊ុក ធ្វើជាមេឃុំ ងារជាចៅពញាធម្មធារា ។
- ចូលរៀននៅវត្តអង្គបឹងចក ក្នុងឃុំកំណើត ហើយបួសជាសាមណេរចាប់រៀនប្រែគម្ពីរបាលី ។
- អាយុ ២១ឆ្នាំ បួសជាភិក្ខុ ស្វែងរៀនប្រែបិដកជាច្រើនវត្ត ហើយរៀនវិបស្សនាកម្មដ្ឋានទៀត ។
- សឹកពីបួសហើយធ្វើជាកសិករធម្មតា និងទទួលការអញ្ជើញពីអ្នកស្រុកអោយទៅទេសនាដូចជាសង្ឃដែរ ។
- ចេះច្រៀងពិរោះ ប្រកបសាដៀវ កំប្លែងផង ទូន្មានផង ដាស់តឿនកូនខ្មែរអ្នកស្រុកខ្មែរផង ។
-
បានច្រៀងអោយពួកស្រាវជ្រាវបារាំងស្ដាប់ពេញចិត្ត
ចម្លងយកមកបោះពុម្ពបាន ៥ ច្បាប់
ហើយនាំទៅលេងឯស្រុកសៀម ។
- ទទួលអនិច្ចកម្មក្នុងខែមិគសិរ គ.ស ១៩៣៦ អាយុបាន ៧១ ឆ្នាំ ។
ស្នាដៃ
- ច្បាប់ល្បើកថ្មី (បោះពុម្ពផ្សាយពីពុទ្ធសាសនបណ្ឌិត្យ)
- សេចក្ដីរំលឹកដាស់តឿន (បោះពុម្ពផ្សាយពីពុទ្ធសាសនបណ្ឌិត្យ)
- ច្បាប់កេរកាលថ្មី (បោះពុម្ពផ្សាយពីពុទ្ធសាសនបណ្ឌិត្យ)
- ច្បាប់ទូន្មានជនប្រុស–ស្រី (បោះពុម្ពផ្សាយពីពុទ្ធសាសនបណ្ឌិត្យ)
អត្ថបទដកស្រង់
..... កុំឆ្មើងអាងបុណ្យ ស្រដីស្រទន់
ពោលពាក្យពិរោះ ខ្លួនអ្នកនឹងថ្កើង
នឹងឡើងសក្តិយស កុំឆ្លៀតនាំឈ្លោះ
ញុះញង់អ្នកធំ ។
កុំស្អប់អ្នកតូច បើឃើញគ្នាខូច
គួរគិតប្រមុម ទោសគ្នាតិចតួច
ផ្ដួចផ្ដើមជាធំ ផ្សែងពូតជាដុំ
ផ្លុំឆេះជាភ្លើង ។
កុំភ្លើនភ្លេចខ្លួន ចេះសាសន៍ចិនយួន
កុំភ្លេចខ្មែរយើង កុំធ្វើក្រអើត
កុំពើតកុំពើង កុំពាក់ស្បែកជើង
ចូលវត្តលោកសង្ឃ ។
(ច្បាប់ល្បើកថ្មី)
No comments:
Post a Comment