គេហទំព័រ KCD Khmerkrom សូមស្វាគមន៍ គេហទំព័រនេះត្រូវបានបដិសន្ធិឡើងក្នុងគោលបំណង ជាឃ្លាំងផ្ទុុកនូវឯកសារជាច្រើន ដើម្បីងាយស្រូលក្នុងការសិក្សាស្រាវជ្រាវនូវប្រធានបទដែលពាក់ព័ន្ធ ជាពិសេសសម្រាប់ សិស្សិ-និស្សិត ស្រាវជ្រាវទៅតាមជំនាញរបស់ខ្លួន។ គេហទំព័រ សូមធ្វើការអធ្យាស្រ័យទុកជាមុន រាល់កំហុសឆ្គងដែលកើតឡើងដោយឥតចេតនា ។ យើងខ្ញុំសូមទទួលការរិះគន់ ដើម្បីស្ថាបនា ! សូមអគុណ !
Saturday, December 26, 2015
បណ្តុះចិត្តស្ងប់
ខុងជឺនិយាយថា ជីវិតសាមញ្ញណាស់ តែមនុស្សទទូចធ្វើឲ្យជីវិតស្មុគស្មាញ ។ ពាក្យនេះពិតជាមានអត្ថន័យឆ្លុះបញ្ចាំងពីសច្ចភាពក្នុងជីវិតរស់ នៅប្រចាំថ្ងៃណាស់។ ជីវិតរបស់យើងច្រើនតែល្អក់កករដោយសារតែយើងខ្លួនយើង ជាជាងដោយសារកត្តាខាងក្រៅ។ សូមសាកល្បងគិតមើលចាប់តាំងពីក្រោកពីដំណេករហូតមកដល់កន្លែង ធ្វើការតើយើងបានធ្វើអ្វីខ្លះឲ្យជីវិតរបស់យើងសៅហ្មង។ ពេលបើកបរតាមផ្លូវយើងតែងតែងទើសចិត្តនឹងអ្នកនេះ ទើសចិត្តនឹងអ្នកនោះថាបើកបរមិនចេះគិត ឬទើសចិត្តនឹងភ្លើងស្តុបថាយូរពេកជាដើម។ យើងហាក់ដូចជាប្រញាប់ណាស់ ដោយការពិតទៅយើងមិនមានការប្រញាប់អ្វីសោះ។ ចិត្តរបស់យើងចង់បើកម៉ូតូ ឡាន ឲ្យលឿនដូចចិត្ត។ល។ ជីវិតរបស់យើងហាក់ដូចជាមិនបានស្ងប់សុខសោះ។ តើត្រូវធ្វើដូចម្តេចទើបចិត្តស្ងប់?
- អប់រំចិត្ត ៖ ចិត្តជាធម្មជាតិដែលអាចអប់រំបាន។ ដើម្បីឲ្យចិត្តស្ងប់ គេត្រូវចេះអប់រំចិត្តជារៀងរាល់ថ្ងៃ ពោលគឺកុំបណ្តោយចិត្តឲ្យធ្វើតាមតែចិត្ត។ ឧទាហរណ៍ដូចក្នុងករណីធ្វើដំណើរតាមផ្លូវ បើយើងមិនមានការប្រញាប់ទេ យើងគួរដាស់តឿនខ្លួនឯងថាយើងត្រូវបើកបរតាមធម្មតាមិនមានអ្វី ជាប្រញប់ទេ។ យើងត្រូវមានសតិរលឹកដឹងជានិច្ចនូវទង្វើរបស់ខ្លួន គឺកុំធ្វើតាមតែចិត្ត ធ្វើអ្វីក៏ដោយត្រូវស្ថិតក្រោមការពិចារណាជានិច្ច។
-សុខចិត្ត ៖ មនុស្សយើងច្រើនតែប្រកាន់ថាគំនិតរបស់ខ្លួនត្រឹមត្រូវ ចង់ឲ្យអ្នកដទៃធ្វើតាមខ្លួន លុះដល់គេមិនធ្វើតាមក៏កើតក្តីខឹងក្តៅក្រហាយ។ មនុស្សយើងច្រើនតែយល់ថារឿងនេះ ត្រូវធ្វើបែបនេះទើបត្រឹមត្រូវ លុះដល់គេមិនធ្វើតាមបែបនោះ ក៏យល់ថាខុស រួចក៏ប្រកាន់ខឹងភ្លាម។ មនុស្សយើងច្រើនគិតថាពិភពជុំវិញគួរតែមានសភាពបែបនេះ បែបនោះ ឧទាហរណ៍ ផ្លូវនេះគួរតែមានភ្លើងស្តុប ផ្លូវនេះគួរតែពង្រីកឲ្យធំ ឬថាថ្ងៃនេះមិនសមនឹងមានភ្លៀងទេ ។ល។ លុះដល់ពិភពខាងក្រៅមិនសមតាមគំនិតរបស់ខ្លួនក៏ទៅជាសៅហ្មងចិត្ត។ ត្រង់ចំនុចនេះ យើងគ្រាន់តែបើកចិត្តទទួលស្គាល់ថា ជីវិតគឺអញ្ចឹង មនុស្សផ្សេងគ្នាគំនិតផ្សេងគ្នា អ្វីដែលត្រូវកើតវាគង់តែនឹងកើតឡើង ឬយើងគ្រាន់តែចាត់ទុកថាអ្វីៗដែលកើតឡើងគឺដូចជាខ្សែភាពយន្តមួយ រឿងតែប៉ុណ្ណោះ។ គ្រាន់តែសុខចិត្ត ទទួលប៉ុណ្ណេះ ចិត្តរបស់យើងនឹងស្ងប់សុខ។
- ផ្តល់ក្តីស្រឡាញ់ដោយឥតលក្ខខណ្ឌ ៖ មនុស្ស យើងស្រឡាញ់អ្វីមួយច្រើនតែមានលក្ខខណ្ឌ។ ស្រឡាញ់មនុស្សម្នាក់ គឺចង់ឃើញគេធ្វើអ្វីម្យ៉ាងដែលខ្លួនពេញចិត្ត។ ឧទាហរណ៍ ចង់ឲ្យគេយកចិត្តទុកនឹងខ្លួនឲ្យបានច្រើន ចង់ឲ្យគេយល់ចិត្ត ចង់ឲ្យគេចំណាយពេលជាមួយខ្លួនឲ្យបានច្រើន។ ទាំងអស់នេះសុទ្ធតែជាលក្ខខណ្ឌ។ បើស្រឡាញ់គេហើយ គេមិនសូវយកចិត្តទុកដាក់នឹងខ្លួន នោះចិត្តទៅជាក្តៅក្រហាយនៅមិនសុខ។ ដូចនេះឃើញថាមនុស្សយើងចេះតែចង់ផ្គាប់ចិត្តខ្លួនឯងគ្រប់ពេល សូម្បីតែក្តីស្រឡាញ់ក៏ត្រូវការផលតបស្នងដែរ។ កុំថាឡើយសេចក្តីស្រឡាញ់ចំពោះមនុស្ស ទោះបីជាចំពោះសត្វក៏ត្រូវការលក្ខខណ្ឌដែរ។ ឧទាហរណ៍យើងស្រឡាញ់ឆ្មា យើងចិញ្ចឹមវាផ្តល់អាហារឲ្យវា តែយើងចង់ឲ្យវាចាប់កណ្តុរ ឬមួយចង់ឲ្យវាចេះបន្ទោរបង់ក្រៅផ្ទះ ។ល។ តែបើវាមិនបានធ្វើដូចចិត្តយើងគិតទេ យើងបែរជាមិនសុខចិត្តទៅវិញ។ ដូច្នេះវិធីមួយដែលនាំទៅដល់ចិត្តស្ងប់បាន គឺរៀនផ្តល់ក្តីស្រឡាញ់ដោយឥតលក្ខខណ្ឌ ពោលគឺស្រឡាញ់ដោយមិនចង់បានផលតបស្នងអ្វីទាំងអស់។ វីធីសាស្ត្រមួយជួយបណ្តុះសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌគឺការបណ្តុំ កូនឈើ ពីព្រោះឈើមិនចេះនិយាយមិនចេះធ្វើឲ្យមនុស្សខកចិត្តឡើយ។ នៅពេលអនុវត្តជោគជ័យទៅដើមឈើហើយគេអាចបន្តអនុវត្តន៍លើសត្វមាន ជីវិត ហើយចុងក្រោយគឺមនុស្សទូទៅ។
- សម្រាកចិត្ត ៖ ជារៀងរាល់ថ្ងៃគេ គួររកពេលវេលាសម្រាកចិត្តយ៉ាងហោចណាស់ឲ្យបាន ១០ នាទី (សូមអានបន្ថែម វិធីសាស្ត្រសម្រាកខួក្បាល) ។ មុនពេលគេង និងពេលក្រោកពីដំណេក គេគួរតាំងចិត្តថា ចិត្តរបស់ខ្ញុំស្ងប់ស្ងាត់ល្អបរិសុទ្ធជាដរាប ។ ចូរតាំងចិត្តដូច្នេះជារៀងរាល់ថ្ងៃ ចិត្តនឹងកាន់តែស្ងប់ទៅៗជាពុំខាន។
ចំណាត់ថ្នាក់អត្ថបទ
អត្ថបទគួរអាន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment