ជាញឹកញ យមនុស្សតែងគិតថា សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម សម្រេចបានទាំងស្រុង ពីផ្លែឈើ បន្លែ ស្ករសូកូឡាខ្មៅ ឬស្រាក្រហម ក៏ប៉ុន្ដែរុក្ខឱសថ និងគ្រឿងទេសជាច្រើន ក៏មាននូវសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏សម្បូរបែបដែរ។ គ្រឿងទេសមិនត្រឹមតែអាចបន្ថែមរសជាតិដល់អាហារឱ្យឈ្ងុយឆ្ងាញ់ ពិសាប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងផ្ដល់គុណប្រយោជន៍ការពារ ប្រឆាំងនឹងជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង អាការៈរលាក និងជំងឺផ្សេងៗជាច្រើនទៀត។ ដូច្នេះសូមលោកអ្នក ស្វែងយល់បន្ថែមពីគុណប្រយោជន៍ នៃគ្រឿងទេសទាំងអស់នេះដូចខាងក្រោម ៖
១. ខ្ញី៖ ខ្ញីមានផ្ទុកសមាសធាតុសំខាន់ៗ ជាច្រើន រួមទាំងសារធាតុ Gingerol ផងដែរ ដែលត្រូវបានមនុស្សចាត់ទុកថា វាផ្ដល់គុណប្រយោជន៍ជាច្រើនដល់សុខភាព ហើយបើយោងតាមប្រសាសន៍លោក Vandana Sheth, RDN បានឱ្យដឹងថា” ខ្ញីត្រូវបានមនុស្សប្រើដើម្បីព្យាបាលជំងឺគ្រុនផ្ដាសាយ បញ្ហាក្រពះពោះវៀន និងជំងឺពុលឡាន”។ លោក Sheth បានពន្យល់ទៀតថា ការសិក្សាស្រាវជ្រាវទៅលើសត្វក៏បានបង្ហាញឱ្យដឹងផងដែរថា ខ្ញីអាចការពារជាលិកា និងសរីរាង្គរបស់មនុស្សយើង ពីការបំផ្លិចបំផ្លាយរបស់អុកស៊ីដកម្ម និងការពារការលូតលាស់ជំងឺមហារីក។ ខ្ញីជាគ្រឿងបន្ថែម ទៅក្នុងទឹកតែ ទឹកផ្លែឈើក្រឡុក ធញ្ញជាតិ និងទឹកដោះគោជូរឱ្យមានឱជារសឆ្ងាញ់ពិសា។
២. មើមរមៀត៖ គ្រឿងទេសពណ៌លឿងដូចផ្លែក្រូចនេះ មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីដកម្មម្យ៉ាងឈ្មោះ Curcumin។ ការសិក្សាស្រាវជ្រាវមួយចុះផ្សាយនៅក្នុង ទស្សនាវដ្ដីជីវគីមីសាស្រ្ដកាលពីខែ ធ្នូ ឆ្នាំ ២០១១ បានណែនាំថា សារធាតុ Curcumin អាចបង្រ្កាប ហ្សែន ដែលពាក់ព័ន្ធក្នុងការវិវត្ដ និងការបន្តនៃជំងឺមហារីកសុដន់ ដោយការបង្កើនប្រសិទ្ធភាព នៃការព្យាបាលដោយប្រើឱសថ និងកាត់បន្ថយភាពស៊ាំ នឹងថ្នាំ។
លោក Vandana Sheth អ្នកឯកទេសរបបអាហារូបត្ថម្ភបានមានប្រសាសន៍ថា “នៅពេលនិយាយដល់ការបន្ថែមមើមរមៀតទៅក្នុងរបបអាហាររបស់អ្នក សូមអ្នកកុំរួញរាអី។ លោកបន្ថែមទៀតថា “ មនុស្សមួយចំនួនតែងតែមិនដឹងថា គួរយកមើមរមៀតទៅធ្វើម្ហូបអ្វីនោះទេ ប៉ុន្ដែយើងអាចដាក់បន្ថែមវា ទៅក្នុងប្រភេទអាហារបន្លែ ដើម្បីឱ្យមានរសជាតិដូចការី”។ វាជារឿងល្អ ក្នុងការកត់ចំណាំថា រមៀតក្រៀម មានរសជាតិឈួលខ្លាំងណាស់ ដូច្នេះអ្នកគួរដាក់ចម្អិនវាឱ្យឆ្អិនល្អបន្តិច មុនពេលទទូលទាន។
៣. ក្រវាញ៖ ក្រវាញត្រូវបានមនុស្សសម័យបុរាណ ប្រើប្រាស់ជាឱសថព្យាបាលជំងឺក្រពះជាច្រើនទសវត្សន៍មកហើយ។ យោងតាមក្បួនឱសថ Ayurvedic បានឱ្យដឹងថា ក្រវាញនេះមានគុណសម្បត្ដិប្រឆាំងជាតិអាស៊ីដក្នុងក្រពះ និងធ្វើឱ្យអាហារសម្បូរជាតិខ្លាញ់កាន់តែងាយរំលាយ។ ក្រវាញមានផ្ទុកនូវសារធាតុ phytochemical cineole ដែលមានគុណសម្បត្ដិថ្នាំសម្លាប់មេរោគ។ លើសពីនេះទៀត ក្រវាញមានក្លិនឈ្ងុយប្លែកគួរឱ្យចង់ទទួលទាន ហើយថែមទាំងធ្វើឱ្យតែ Chai មានរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់ទៀតផង។ ដើម្បីកម្ចាត់ក្លិនមាត់មិនល្អ ជួយឱ្យអាការៈឈឺបំពង់កឱ្យធូរស្រាល សូមដាក់បន្ថែមក្រវាញទៅក្នុងទឹកតែ កាហ្វេ ភេសជ្ជៈសូកូឡាក្ដៅ និងទឹកដោះគោក្ដៅ។ នៅពេលអ្នកដុតនំ អ្នកអាចបន្ថែមម្សៅក្រវាញទៅក្នុងនំខេក ធ្វើពីកាហ្វេ នំ ម៉ាស់ហ្វ៊ីន និងនំ Cookies។
៤. ផ្កាក្ដាំងពួ៖ លោក Vandana Sheth អ្នកឯកទេសរបបអាហារូបត្ថម្ភបានមានប្រសាសន៍ថា “ផ្កាក្ដាំពួ គឺជាគ្រឿងទេសដ៏មានអំណាច ដែលសម្បូរទៅដោយ សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម”។ ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១០ ចុះផ្សាយនៅក្នុងទស្សនាវដ្ដីអាហារូបត្ថម្ភបានចាត់ចំណាត់ថ្នាក់ផ្កាក្ដាំង ពួរខ្ពស់បំផុត ចំពោះសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម បើប្រៀបធៀបទៅនឹង រុក្ខឱសថ និងគ្រឿងទេសសាមញ្ញៗដទៃទៀត។ ផ្កាក្ដាំងពួដ៏ឈ្ងុយនេះ អាចប្រើបានជាប្រយោជន៍ច្រើនយ៉ាង ប៉ុន្ដែជួនកាលវាពិបាកបន្ដិចដើម្បីដឹងថា តើគួរយកវាទៅដាក់ក្នុងអាហារ ឬអាហារសម្រន់តាមរបៀបណា។ លោក Sheth ណែនាំថា” សូមសាកល្បង ដាក់បបន្ថែមផ្កាក្ដាំងពួម៉ត់ ទៅក្នុងអាហារដុត ឬទៅក្នុង Oatmeal របស់អ្នកជំនួស Cinnamon ឬខ្ញី”។ ផ្កាក្ដាំងពួអាចដាក់បន្ថែមទៅក្នុងអាហារ ឬនំដុត ដូចជា នំម៉ាស់ហ្វីន នំបុ័ង និងនំ Cookies។
៥. ច័ន្ទន៍គ្រិស្នា៖ ច័ន្ទន៍គ្រិស្នាអាចជួយរក្សាមាត់ធ្មេញរបស់អ្នក ឱ្យមានសុខភាពល្អ មិនសូវទៅទន្ដពេទ្យញឹកញាប់។ លទ្ធផលស្រាវជ្រាវបានពីកម្មវិធី in Vitro test នៅឯសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី ចុះផ្សាយនៅក្នុងអត្ថបទគំនិតថ្មីៗ ស្ដីពីជីវបច្ចេកវិជ្ជាកាលពីឆ្នាំ ២០១១ បង្ហាញថា សមាសធាតុប្រឆាំងបាក់តេរីនៅក្នុងគ្រឿងទេស ឈ្មោះថា macelignan អាចកាត់បន្ថយការកពូន កំណកបាក់តេរីតាមចន្លោះធ្មេញបានពាក់កណ្ដាល និងកម្ចាត់ចោលមេរោគដែលបណ្ដាលឱ្យពុកធ្មេញ។ លើសពីនេះទៀត ច័ន្ទន៍គ្រិស្នាអាចកាត់បន្ថយបញ្ហារំលាយអាហារដូចជា វិបត្ដិពិបាករំលាយអាហារ និងជាតិហ្គាស៕
ប្រភព ៖ Cool News
No comments:
Post a Comment