Saturday, December 26, 2015

បណ្តុះ​ពូជ​ជោគជ័យ



ឡៅ ស៊ឺ និយាយថា "​ដំណើរ​រាប់ពាន់​យោជន៍​ផ្តើម​ចេញ​ពី​មួយ​ជំហាន" ។ ឆាក​ជីវិត​មនុស្ស​ប្រៀប​បាន​នឹង​ដំណើរ​ដ៏​វែង​ឆ្ងាយ​ដែល​ផ្តើម​ចេញ​ពី​ជីវិត ​ប្រចាំ​ថ្ងៃ​។ ជោគជ័យ​ក្នុង​ឆាក​ជីវិត​ទាំង​មូល​ផ្តើម​ចេញ​ពី​ជោគជ័យ​ក្នុង​មួយ​ថ្ងៃៗ​។ ជោគជ័យ​ក្នុង​មួយ​ថ្ងៃ​ៗ​ ផ្តើម​ចេញ​ពី​ជោគជ័យ​នៃ​កិច្ច​ការ​នីមួយ​ៗ​។ ជោគជ័យ​នៃ​កិច្ច​ការ​នីមួយ​ៗ​ផ្តើម​ចេញ​ពី​គំនិត​។ គំនិត​ កើត​ចេញ​ពី​ចិត្ត។ នេះ​ជា​គ្រាប់​ពូជ​នៃ​ជោគជ័យ។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​ដើម្បី​បណ្តុះ​ពូជជោគជ័យ?

អ្នក​ប្រាជ្ញ​ខាង​បរមត្ថវិជ្ជា (វិជ្ជា​ផ្លូវចិត្ត) តែង​អះ​អាង​ដូច​ៗ​គ្នា​ ចិត្ត​ជា​ធំ​ អ្វី​ៗ​គ្រប់​យ៉ាង​ត្រូវ​ផ្តើម​ចេញ​ពី​ចិត្ត។ ដើម្បី​ទទួលបាន​ជោគជ័យ​៖
  1. ជា​បឋម​គេ​ត្រូវ​ជឿ​ថាជោគជ័យ​នឹង​កើត​មាន​ពិត​ប្រាកដ​ចំពោះ​គេ។ ប្រសិន​បើ​គេ​មិន​ជឿថា​ខ្លួន​គេ​អាច​នឹង​ទទួលបាន​ជោគជ័យ​ទេ​ គេ​មុខ​តែ​នឹង​បរាជ័យ។
  2. បន្ទាប់​មក​គេ​ត្រូវ​តំកល់​ឲ្យ​មាំ​ក្នុង​ចិត្ត​នូវ​រូបភាព​ជោគជ័យ​ ហើយ​មើល​ឃើញ​ហាក់​ដូច​ជា​ខ្លួន​ទទួល​បាន​ជោគជ័យ​រួច​ជា​ស្រេច។
  3. មួយ​ផ្នែក​ទៀត​ គេ​ត្រូវ​​​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ ឲ្យ​បាន​ល្អ​បំផុត ធ្វើ​យ៉ាង​ណាឲ្យ​កិច្ច​ការ​នីមួយៗ​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​។ ប្រសិន​បើ​កិច្ចការ​នីមួយ​ៗ​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ ជិវិត​ទាំង​មូល​ទៀង​តែ​នឹង​ទទួល​បាន​ជោគជ័យ។ គេ​គួរប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​នេះ​ជា​ដរាប​៖ កិច្ចការនីមួយ​ៗ​ត្រូវ​តែ​​ជោគជ័យ ។
  4. ក្រៅពីនេះ​ គេ​ត្រូវ​ចេះ​ផ្តល់​ប្រយោជន៍​ឲ្យ​មនុស្ស​ដែល​បង្កើត​ប្រយោជន៍​ឲ្យ​ខ្លួន​ គឺ​ផ្តល់​ឲ្យ​ច្រើន​ជាង​អ្វី​ដែល​ខ្លួនបាន​ទទួល និង​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​​ខ្លួន​គេ​រីក​ចម្រើន​ជាង​មុន។ គេ​គួរ​ផ្តល់​របស់​ដែល​មាន​តម្លៃ​ជាង​ប្រាក់​ទៅ​ទៀត ឧទាហរណ៍​ដូច​ជាការ​បង្រៀន​ឲ្យ​គេ​ចេះ​ស្ទូច​ត្រី​ ជាជាង​ឲ្យ​ត្រី​គេ​ជា​ប្រចាំ។
ពាក្យ​ទំនៀម​ខ្មែរ ពូជក្រូច​ផ្លែ​ក្រូច​ ពូជ​ស្វាយ​ផ្លែ​ស្វាយ ដាំពូជ​អ្វី​បាន​ផ្លែ​ហ្នឹង​

No comments:

Post a Comment