ដោយលោក ថុង ម៉េងដាវិត
ប្រសិនជាលោកអ្នកជាអ្នកចូលចិត្តប្រទេសក្រិក ប្រាកដជាចូលចិត្តសិក្សាអំពីប្រវត្តិសាស្រ្តដ៏សំបូរបែប កន្លែង កម្សាន្ត និងអរិយធម៌របស់ប្រទេសក្រិកជាក់ជាមិនខាន។ ច្បាស់ណាស់សឹងគ្រប់អ្នកសិក្សា នឹងចូលចិត្តប្រទេសក្រិក ប្រាកដជាចូលចិត្តសិក្សាអំពីប្រវត្តិរបស់អទិទេពសំខាន់ៗដូចជា Zeus, Hera, Athena, Ares, Hades ឬក៏ Poseidon ជាក់ជាមិនខាន។ ទាំងអស់នេះសុទ្ធសឹងតែងបានសរសេរ និងរៀបរៀងឡើងដោយបុរាណវិទូ និងបុព្វជិតក្រិក សម័យមុខ ដើម្បីជាកំណត់ត្រាប្រវត្តិសាស្រ្ត និងដើម្បីជំនឿសាសនាផងដែរ។ ក៏ប៉ុន្តែមិនមែនមានតែប្រទេសក្រិកប៉ុណ្ណោះ ទេដែលមានរឿងរ៉ាវទេវកថាអំពីអទិទេព មានអរិយធម៌បុរាណជាច្រើនដូចជា Sumer, Akad, Hittite, Babylon Persia ដែលក្នុងនោះ Sumer ជាអរិយធម៌ចំណាស់ជាងគេ ដែលអរិយធម៌ Akad Hittite Persia បានកកើតឡើង និងខ្ជីវប្បធម៌ និងជំនឿរបស់អរិយធម៌ Sumer មកប្រើប្រាស់បន្តមក។ រយះពេលច្រើនឆ្នាំកន្លងមកនេះ ក្រុមបុរាណវិទូបានសិក្សាស្រាវ ជ្រាវ និងជីកកកាយរកឃើញបណ្ណាល័យបុរាណនៅក្នុងតំបន់មជ្ឈឹមបូព៌ានៅក្នងតំបន់ទីក្រុងបុរាណ Nippur Shamah Sumer Uruk ដែលសុទ្ធនៅក្នុងប្រទេស អ៊ីរ៉ាក់ សព្វថ្ងៃ។ ក្រុមអ្នកបុរាណវិទូ និងអ្នកជំនាញអក្សរសាស្រ្តបុរាណបានខិតខំ ស្រាវជ្រាវ និងបកប្រែចងក្រងជាឯកសារ ដែលនៅក្នុងនោះក៏មានរឿងព្រេងទេវកថា ដែនិយាយអំពីការកកើតផែនដី ការបង្កើតមនុស្ស លោក ចំរៀងនិយាយអំពីអទិទេព ជំនឿនិងសាសនា ព្រមទាំងជីវភាពរបស់ប្រជាជនក្នុងតំបន់នោះនាសម័យបុរាណ។
ចំពោះសង្រ្គាមរវាងអទិទេព បានកើតឡើងរាប់ពាន់ឆ្នាំមកហើយ ដោយតាមរយះទេវកថារបស់ក្រិកបានលើកឡើង អំពី Gaia ជាអទិទេពស្រីទីមួយដែលបានបង្កើត Uranus ដោយគ្មានដៃគូប្រុស និងយក Uranus ជាប្តីនិងបានបង្កើតបុត្រ ចំនួន ១១ នាក់ដោយក្នុងនោះរួមមាន Oceanus, Coeus, Crius, Hyperion, Iapetus, Theia, Rhea, Themis, Mnemosyne, Phoebe Thetys និង Kronos ដែលបានយក Rhea ជាព្រះមហេសី។ រឿងរាវបានក្លាយជាអាក្រក់ឡើងៗ ដោយសារភាពល្លោភតណ្ហា របស់ Uranus បានបង្កអោយកកើតបុត្រដំណក្រោយជាមួយ Gaia ក្លាយជារូបរាង អាក្រក់ និងមានភាពសាហាវឃោឃៅដោយពពួកទាំងនោះរួមមាន Cyclops បីមានឈ្មោះថា Brontes (អ្នកធ្វើផ្គរ) Steropes (អ្នកធ្វើរន្ទះ) Arges (អ្នកធ្វើឲ្យមានភាពចែងចាំង)។ Kronos ដែលមានភាពកោងកាច និងគួរឲ្យក្លាចជាងគេ មានភាពស្អប់ខ្ពើមនឹងការប្រព្រឹត្តរបស់ឪពុករបស់ខ្លួនជាខ្លាំង ដោយថ្ងៃមួយ Gaia បានប្រគល់កន្ទៀវទៅ Kronos ដើម្បីកាត់ ផ្តាច់អវៈយវៈភេទរបស់ Uranus ក្នុងកំឡុងពេលរួមមេត្រីជាមួយនឹង Gaia ។ Kronos ជោគជ័យ ក៏ប៉ុន្តែ Uranus បានសំរេចក្នុងការបញ្ចូលគ្រាប់ពូជជីវិតចូលទៅក្នុង Gaia និងបានបង្កើតកូនយក្សស្រីឈ្មោះ Erinyes (កំហឹងសងសឹក) ដែលមានបំពាក់អាវក្រោះដ៏មានអនុភាពនិងចែងចាំង ក្នុងដៃរមានកាន់លំពែង និងបានបង្កើតពួក Nymphs (ប្រេគងវាល នៃទឹកស្ទឹង បឹងបួរ និងសមុទ្រ) ។
សង្រ្គាមក៏បានកើតឡើង ដោយ Uranus បានកោះហៅពពួកបិសាច ដែលជាកូនចៅរបស់ខ្លួន ដើម្បីសងសឹកនឹង Gaia និង Kronos។ ពពួកបិសាចទាំងនោះគឺ ពពួក Titans នោះឯង ក៏ប៉ុន្តែ Titans ទាំងអស់នោះត្រូវបាន Kronos ចាប់ឃុំ និងបានបណ្តេញចេញទាំងអស់ ។ Uranus បានបង្កបង្កើតកូនជាច្រើន ហើយឈ្មោះរបស់ពួកគេគឺតំណាងដោយលក្ខណៈ សម្បត្តិ។ Nyx បានឆ្លើយតបទៅនឹងការកោះហៅរបស់ Uranus បានបង្កើតកូនដូចជា Destinies, Fates, Clotho (អ្នកបង្វិល), Virtra (អ្នកកំចាត់ភាពមានបាន), Atropos (មិនអាចជៀសបាន), សេចក្តីបញ្ជប់ (Doom), វាសនាខ្មៅងងឹត និងសេចក្តីស្លាប់ (Black Fate និង Death), សេចក្តីបន្ទោស Blame, ភាពសោកសៅដ៏ឈឺចាប់ Painful Woe, Famine និង ជាច្រើនទៀត។ ឈ្មោះទាំងអស់ពិតជាចំឡែកណាស់ក៏ប៉ុន្តែវាសុទ្ធសឹងតែជាឈ្មោះតំណាងឲ្យលក្ខណៈ សម្បត្តិរបស់ពពួកបិសាចនោះទាំងអស់។ សង្រ្គាមក៏បានកើតឡើងជាថ្មីរវាង Uranus, Gaia និង Kronos។ នេះជាពេលដែលមានវិបត្តិ ក៏ជាពេលដែលពពួកអទិទេពទាំងនោះបានរៀបអភិសេក ដោយបុត្រា Uranus និង Gaia បានទទួលយកបងប្អូនស្រីរបស់ពួកគេ ៥នាក់ មករៀបអភិសេក ដោយគូ Kronos និង Rhea ជាគូសំខាន់ជាងគេ។ បន្ទាប់ពី បានឈ្នះសង្គ្រាមមក Kronos បានក្លាយជាស្តេចពពួកអទិទេពដោយទម្លាក់ Uranus ជាឪពុក និង Rhea បានបង្កើតបុត្រ អោយ Kronos ចំនួន ៦នាក់ ក៏ប៉ុន្តែ Kronos បានលេបពួកគេម្តងមួយៗ ដោយ Kronos បានជឿលើទំនាយថានឹងមាន បុត្រាម្នាក់នឹងទម្លាក់ខ្លួនពីរាជ្យអំណាច និង Kronos នឹងមានវាសនាដូចឪពុករបស់ខ្លួន។ (ទាក់ទងនឹងជីវិតរបស់ Zeus សូម អានអត្ថបទ សំណង់អច្ឆរិយៈបុរាណៈ Temple of Zeus)។ នៅក្នុងសិលាចារឹកធ្វើអំពីភក់របស់ជនជាតិ Sumer និង Akad និង Hittite មានបរិយាយលំអិតអំពីសង្រ្គាមរបស់ទេវតាជំនាន់ចាស់ និង Titan ផងដែរ ក៏ប៉ុន្តែឈ្មោះតួអង្គមានលក្ខណៈខុស គ្នា។
ទាក់ទងនឹងសង្រ្គាមរបស់ទេវតាជំនាន់ចាស់នេះវិញ ចំពោះរឿងនិទានរបស់អរិយធម៌ជនជាតិ Sumer Akad និង Hittite វិញមានការនិទាន និងកត់ត្រាជីវប្រវត្តិ និងរឿងតំណាលពីអទិទេពរបស់គេ ដែលគង់នៅលើភពមួយឈ្មោះ Nibiru ឬ Planet X។ តាមការពិតអទិទេពរបស់ពួកគេមិនមែនជាអទិទេពដូចដែលជនជាតិក្រិកគិតនោះទេ ដែលមានភាពអស្ចារ្យ មានជីវិតអមតៈ និងមានចំនេះដឹងទូលំទូលាយ។ តាមការកត់ត្រាក្នុងសិលាចារឹករបស់ជនជាតិទាំងនោះ អទិទេពរបស់ពួក គេមានឈ្មោះថា Annunaki (Those To Earth From Heaven Come: ពពួកដែលមកពីឋានសួគ៌មកផែនដី)។ ពពួក Annuaki គឺជាអរិយធម៌ជនជាតិមួយនៅភព Nibiru ដែលជាសមាជិកនៃប្រព័ន្ធព្រះអាទិត្យរបស់យើងដោយមានគន្លងរយៈ ពេល ៣៦០០ឆ្នាំ ក្នុង១ជុំ។ ពពួក Annunaki បានរុករកឃើញផែនដី និងបានមកកាន់ផែនដីរុករកមាស ដើម្បីទៅ ព្យាបាលស្រទាប់ការពារកបរិយាកាសរបស់ភពខ្លួន (ស្រដៀងគ្នាទៅនឹងស្រទាប់អូសូន របស់ផែនដី)។ ដំណើររឿងនិទាន នេះកើតឡើងដោយ Alalu បានស្តេចរបស់ភព Nibiru បានរត់ភៀសខ្លួនមកាន់ផែនដី ដោយសារការជ្រែករាជ្យពី Anu ដែល ជាអាមាត្យ និងជាពូជពង្សស្តេចផងដែរ (ពូជពង្សព្រះរាជា និងគ្រងរាជ្យរបស់ភព Nibiru មានភាពស្មុគស្មាញជាខ្លាំង)។ Alalu បានប្រើប្រាស់យាន្តអវកាសរបស់ខ្លួន ដើម្បីស្កែនលើភពផែនដី។ ផែនដីត្រូវបានពួក Annunaki ហៅថា Ki និងព្រះច័ន្ទ Kingu។ បន្ទាប់ពីបានស្កែនឃើញមាសជាច្រើននៅក្នុងម្តុំ Persia Gulf ក៏បានប្រើយាន្តអវកាសរបស់ខ្លូនដើម្បី បញ្ជូនសារទៅកាន់ភព Nibiru ព្រះរាជាថ្មី Anu ព្រមទាំងក្រុមរាជវង្សានុវង្សទាំងអស់ និងក្រុមប្រឹក្សាមានការភ្ញាក់ផ្អើជាខ្លាំងចំពោះដំណឹងនេះ។ Alala បានដាក់លក្ខខណ្ឌថា Anu ត្រូវតែចុះចេញពីបល្ល័ង ហើយ Anu ក៏យល់ព្រមដោយការដាក់ លក្ខខណ្ឌថាអ្នកឈ្នះការបោកចំបាប់នឹងក្លាយជាស្តេចនៃ Nibiru (នេះជាទំនៀមទំលាប់តាំងពីបុរាណរបស់ភព Nibiru ដើម្បី ជ្រើសរើសព្រះរាជានៅពេលមានភាពភាពវឹកវរកើតឡើង)។ Alalu ក៏យល់ព្រមតាមសំណើ ហើយ Anu ក៏បានបញ្ជូន Enki ដែលជាបុត្ររបស់ខ្លួន និងជាបុត្រប្រសាររបស់ Alala ផងដែរទៅកាន់ផែនដី ដើម្បីដំណើរការយកមាសនៅផែនដី។ Anu ក៏បានយាងមកផែនដី ដើម្បីមកត្រួតពិនិត្យដំណើរការជីកកាយយកមាស និងដើម្បីមកប្រកួតបោកចំបាប់ជាមួយ Alalu ផងដែរ បន្ទាប់អស់មួយរយះពេលមក។ Anu បានយកឈ្នះ Alalu ក៏ប៉ុន្តែ Alalu មិនអស់ចិត្ត ក៏បានខាំផ្តាច់អវៈយវៈភេទរបស់ Anu (ពីព្រោះក្នងច្បាប់នៃការបោកចំបាប់នេះ តម្រូវអោយគូភាគីទាំងពីដោះខោអាវ និងស្រាតក្នងការប្រកួត)។ Anu មាន ការឈឺចាប់យ៉ាងខ្លាំង ហើយក្រុមការពារព្រះរាជាក៏បានចាប់ខ្លូន Alalu ទៅឃុំរង់ចាំការកាត់ទោស។ ក្រុមប្រឹក្សា Nibiru ក៏បានកាត់ទោសប្រហារជីវិត Alalu ក៏ប៉ុន្តែ Enki ដែលជាបុត្រប្រសារក៏បានអង្វរជំនួសព្រះបិតាក្មេករបស់ខ្លួន បន្ទាប់មក ក្រុមប្រឹក្សាក៏បានសំរេចអោយនិរទេស Alalu ទៅកាន់អាណាចក្រវារហោឋាន ដែលជាភពព្រះអង្គារ៏ (Mars)។ នៅក្នុងការនិរទេសនេះផងដែរ តម្រូវអោយ Alalu គង់នៅម្នាក់ឯងជាមួយនឹងអ្នកបើកបរយាន្តអវកាសម្នាក់ នៅវារហោឋាន នៅភពព្រះអង្គារ៏ដោយគ្មានទីលំនៅឋាន គ្មានម្ហូបអាហារនិងទឹក និងគ្មានអ្វីៗទាំងអស់។ បន្ទាប់ពី Alalu សុគត Igigi ដែល ជាពួក Annunaki ដែរ ដែលមានតួនាទីនៅភពព្រះអង្គារ៏ដើម្បីទទួលបន្ទុកដឹកជញ្ជុនមាសពីផែនដីទៅភព Nibiru ក្រោមការ ដឹកនាំរបស់ Enki ក៏បានសាងសងផ្នូដ៏ធំមួយមានរាងសាជីជ្រុង (រាងពីរ៉ាមីត) និងមានឆ្លាក់រូបព្រះភក្រ័របស់ Alalu ដើម្បីឲ្យ ទ្រង់បានសំឡឹងមើលអាណាចក្ររបស់ទ្រង់គឺភព Nibiru ជារៀងរហូត។ ទាំងអស់នេះគឺជាដំណើររឿងរបស់ និងជាដើម ហេតុធ្វើឲ្យមានសង្រ្គាមកើតឡើងនៅពេលបន្ទាប់។
Anu បានទទួលយកចៅប្រុសរបស់ Alalu, Kumabi មកធ្វើជាអាមាត្យនៅជិតខ្លួន ដើម្បីបញ្ជាក់ថាខ្លួននៅ តែគិតអំពីសុខទុក្ខរបស់ក្រុមគ្រួសាររាជវង្សចាស់។ Kumabi បានចិញ្ជឹមចិត្តសងសឹកដោយប្រកាសថាខ្លួនគឺជា អ្នកដែល ត្រូវទទួលរាជបល្ល័ង មិនមែនជា Anu នោះទេ។ Kumabi បានធ្វើការពិភាក្សាជាមួយ Enki បន្ទាប់ក៏បានទៅស្នាក់នៅ ជាមួយពួក Igigi នៅភពព្រះអង្គារ៏។ អស់មួយរយះកាលមក Anu ក៏បានដឹងអំពីការក្បត់របស់ Kamubi ហើយក៏បាន បញ្ជាឲ្យ Teshub (អទិទេពរន្ទះរបស់អរិយធម៌ Hittite) ដែលត្រូជាចៅរបស់ទ្រង់ អោយតាមសំលាប់ Kamubi ដោយក្នុងនោះមានអន្តរាគមន៍ ពីអាទិទេពមិនតិចជាង ៧០ ចូលរួមនៅក្នុងសង្រ្គាមនេះ នៅទីបំផុត Teshub ដែលជាអទិទេពរន្ទះក៏បានទទួល ជ័យជំនះ។ ក៏ប៉ុន្តែមុននឹងការស្លាប់របស់ Kamubi មានការចូលរួមពីបុត្រាមួយអង្គ ជាអ្នកសងសឹងឲ្យ Kamubi ឈ្មោះថា Ullikummi បានកំទេចទីក្រុង Kummiya របស់ Teshub។ ពាក្យបណ្តាំចុងក្រោយរបស់ Kamubi គឹបញ្ជាឲ្យបុត្រ របស់ខ្លួនវាយកំទេច Teshub បាញ់សំលាប់អទិទេពទាំងអស់ស្លាប់ដូចសត្វចាប់ ហើយដណ្តើមយករាជបល្ល័ងនៅភព Nibiru ឲ្យទាល់តែបាន។ Ullikummi ត្រូវបានលាក់ទុកយ៉ាងអាថ៌កំបាំងពីពពួកអទិទេពរបស់រយះពេលជាច្រើនឆ្នាំ ក៏ប៉ុន្តែត្រូវបានរកឃើញដោយ Utu កំឡុងល្បាតលើយាន្តជំនិះរបស់ខ្លួន។ Utu បានប្រញាប់ប្រញាល់ចូលទៅរាជ ដំណាក់ Teshub នឹងបានប្រាប់រឿងតាមដំណើរ។ Teshub បានរៀបចំខ្លួនដើម្បីប្រយុទ្ធជាមួយ អទិទេពថ្ម ដ៏អស្ចារ្យម្នាក់ នោះ (Ullikummi ) ។ យោងទៅតាមសិលាចារឹកធ្វើអំពីភក់របស់ជនជាតិ Hittite មានឈ្មោះថា ID.DUG.GA. បានពណ៏នាអំពីឈុត ឆាកសង្រ្គាមដ៏អស្ចារ្យរវាងអទិទេពទាំងពីរ ដោយរួមមានទាំងប្រើយាន្ត “Great Cracker” ដែលមាន “Bull (power-plants)” នៅពីមុខដើម្បីបាញ់ចេញនូវ “Lofty Missiles” ទៅកាន់អទិទេពថ្ម ក៏ប៉ុន្តែអាវុធទាំងអស់នោះមិនបានធ្វើឲ្យ អទិទេពថ្មមានការរងរបួសនោះទេ។ យោងទៅតាមសិលាចារឹកភក់ មិនតិចជាង ៨០០ Missiles ទេនៅក្នុងការប្រយុទ្ធ គ្នានេះ។ Ullikummi ដែលជាអទិទេពថ្ម បានកំទេចទីក្រុង Kummiya របស់ Teshub និងបានធ្វើផែនដីទាំងមូលមាន ភាពច្របូកច្របល់។ សិលាចារឹកភក់បានខូចខាតនៅខាងចុង បានធ្វើអោយយើងមិនបានដឹងអំពីដំណើររឿងតទៅ ទៀត។
តាមឯកសារ សំស្រ្កឹតរបស់ប្រទេសឥណ្ឌានិយាយអំពីសង្គ្រាមរវាងទេវ Indra និងបិសាច Vritra ដែលមាន សរសេរដូចតទៅ៖
បន្ទាប់ពីមានការជួបមុខគ្នា, នៅពេលដែលអទិទេពទាំងអស់និងបិសាចបានជួបប្រយុទ្ធគ្នា
គ្រាប់ Missiles ដ៏មុខស្រួចរបស់ Indra បានបាញ់គ្រាប់រន្ទះដ៏ក្តៅមហិមា
គ្រាប់រន្ទះបានក្លាយជាភ្លេកបន្ទោលដែលបានបាញ់ចេញមកដើម្បីកំទេច
Indra បានចោលវា ហើយបានធ្វើឲ្យបិសាច Virtra ជួបសេចក្តីស្លាប់ដោយសំលេងផ្គររន្ទះខ្លាំងៗ ដោយគ្រាប់ ភ្លៀងគ្រាប់រន្ទះរបស់ Indra
ត្រូវបានគេបាញ់ទំលោះ, ត្រូវបានទំលាក់ក្នុងសភាពដ៏ដុនដាប
បិសាចដែលកំពុងតែស្លាប់នោះបានដាំក្បាលចុះដល់ដីដោយត្រូវគ្រាប់រន្ទះបាញ់ត្រូវចន្លោះស្មា
ទាំងអស់នេះសុទ្ធសឹងជាទេវកថាសង្រ្គាមរវាងអទិទេពនៅអតីតកាលក៏យូលង់មកហើយ។ ឯកសារសិលាចារឹកទាំង អស់នេះសុទ្ធសឹងតែបានសិក្សាដោយក្រុមអ្នកបុរាណវិទូ និងក្រុមអ្នកជំនាញភាសាល្បី ហើយពួកគាត់ទាំងនោះបានទទួល ស្គាល់ថាអត្ថបទទេវកថាទាំងអស់សុទ្ធសឹងតែមានភាពទាក់ទងគ្នា និងខ្លះអាចជារឿងតែមួយដោយគ្រាន់តែប្តូរឈ្មោះ អទិទេព ក៏ប៉ុន្តែការបកស្រាយអំពីទិដ្ឋភាពសង្រ្គាមមានលក្ខណៈដូចគ្នា និងសាច់រឿងក៏មានលក្ខណៈដូចគ្នាផងដែរ។ ឯកសារសង្រ្គាមទាំងអស់នេះអាចជាប្រភពទេវកថាតែមួយពីអរិយធម៌ប្រទេសក្រិកដោយគ្រាន់
តែសរសេរក្នុងឈ្មោះ ផ្សេងៗគ្នាប៉ុណ្ណោះ។ គ្រប់ទេវកថាទាំងអស់ដែលបានសិក្សាដោយក្រុមបុរាណវិទូ និងអក្សរសាស្រ្តវិទូសុទ្ធសឹងតែពណ៏នាពី អទិទេពរបស់ខ្លូនមានប្រភពពីឋានសួគ៌ (ពីអាកាស) មានយាន្តដែលអាចហោះហើរបាន សំលៀកបំពាក់ដូចជាត្រី (មាន ក្បាលមូល មានបំពង់ និងខ្សែអុកស៊ីសែនដោយមើលទៅដូចជាត្រី) មានមាឌ និងកំពស់ធំៗដូចជាយក្ស និងមានជីវិត អមតៈ។ ទាំងអស់នេះសុទ្ធសឹងជាទេវកថាដែលបានសរសេរ និងបកស្រាយយ៉ាងក្បោះក្បាយដោយក្រុមអ្នកបុរាណវិទូ និងអក្សរសាស្រ្តវិទូ នៅលើពិភពលោក ដែលចំពោះការជឿថាមាន អ្នកយាន្តអវកាសឬក្រុមមនុស្សភពផ្សេង បានមក ផែនដីនៅអតីតកាលដ៏យូលង់ មានមែនឬមិនពិតគឺ អាស្រ័យយលើប្រិយមិត្តអ្នកអានជាអ្នកសំរេចទៅចុះ។ សំរាប់ខ្ញុំបាទ គឺពិតជាជឿជាក់ថា មនុស្សលោកមិនមែនពូជពងដែលឆ្លាតជាងគេទេនៅក្នុងចក្រវាលដ៏ធំធេងនេះ។
No comments:
Post a Comment